អន្តរជាតិ

លោក Elon Musk គ្រោងនឹងដកបុគ្គលិករបស់ Twitter ចំនួន ៣ ៧០០ នាក់ ជំនួសឱ្យការកាត់បន្ថយ ៧៥ ភាគរយ ក្នុងគម្រោងពីមុន

BY
autoadmin
November 3, 2022

បើយោងតាមសារព័ត៌មាន ​​Bloomberg បានឱ្យដឹងថា ម្ចាស់ថ្មីរបស់បណ្ដាញ Twitter និងមានតួនាទីជា «Chief Twit» គឺលោក Elon Musk គ្រោងនឹងដកបុគ្គលិកចំនួន ៣ ៧០០ នាក់ ចេញពីក្រុមហ៊ុន ដែលស្មើនឹងប្រមាណពាក់កណ្តាលនៃចំនួនបុគ្គលិកសរុប នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីកាត់បន្ថយការចំណាយ។ លោក Musk និងក្រុមទីប្រឹក្សារបស់គាត់ ត្រូវបានគេរាយការណ៍ថា នៅតែស្ថិតក្នុងគម្រោងបញ្ឈប់ការងារបុគ្គលិក ប៉ុន្តែជម្រើសមួយដែលពួកគេកំពុងពិចារណា គឺការផ្តល់ប្រាក់បៀវត្សរ៍ចំនួន ៦០ថ្ងៃ សម្រាប់បុគ្គលិកដែលត្រូវដកចេញ។ សម្រាប់អ្នក​ដែលមិនត្រូវបានដកចេញ ក៏​ប្រហែល​ជា​ត្រូវ​ត្រឡប់មកធ្វើការនៅការិយាល័យ​វិញផងដែរ។

Bloomberg បាននិយាយថា លោក Musk មានគម្រោងបញ្ចប់គោលនយោបាយការងារពីគ្រប់ទិសទីរបស់ Twitter និងសុំឱ្យបុគ្គលិករាយការណ៍ទៅការិយាល័យ ដោយដកចេញនូវការលើកលែងមួយចំនួន។ ការបោះពុម្ភផ្សាយពីមុនក៏បានរាយការណ៍ថា បុគ្គលិក Twitter មានការព្រួយបារម្ភអំពីការផ្លាស់ប្តូរដែលលោក Musk អាចនាំមកឱ្យពួកគេ នៅមុនពេលដែលគាត់ចូលកាន់តំណែងជាម្ចាស់ថ្មីរបស់ Twitter ជាផ្លូវការ។ វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលលោក Musk មិនមែនជាអ្នកគាំទ្រការងារពីផ្ទះ (work-from-home) ហើយពីមុនគាត់ធ្លាប់ប្រាប់ដល់បុគ្គលិក Tesla និង SpaceX របស់គាត់ថា ត្រូវធ្វើការ ៤០ម៉ោង/សប្ដាហ៍ នៅក្នុងការិយាល័យ ឬចាកចេញពីក្រុមហ៊ុនរបស់គាត់។

មុនពេលដែល Musk ចូលកាន់កាប់បណ្តាញ Twitter មានរបាយការណ៍ជាច្រើនបានចេញមកថា គាត់នឹងបណ្តេញបុគ្គលិក ៧៥ ភាគរយ របស់ក្រុមហ៊ុន។ គាត់ត្រូវបានគេរាយការណ៍ថា បានបដិសេធតួលេខទាំងនោះ នៅពេលដែលគាត់បានទៅទស្សនាការិយាល័យកណ្ដាលរបស់ Twitter នៅ San Francisco ប៉ុន្តែវាច្បាស់ណាស់ថា ការបញ្ឈប់ការងារនៅតែមាននៅក្នុងគម្រោងរបស់គាត់។ បន្ទាប់ពីកិច្ចព្រមព្រៀងទិញ Twitter ត្រូវបានបំពេញរួចរាល់ ការផ្លាស់ប្តូរដំបូងរបស់លោក Musk គឺដកអតីតនាយកប្រតិបត្តិលោក Parag Agrawal ប្រធានផ្នែកហិរញ្ញវត្ថុលោក Ned Segal និងនាយកប្រតិបត្តិកំពូលផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: