ប្រទេសថៃបានប្រកាសឱ្យខេត្តចំនួន ១១ ត្រូវមានការប្រុងប្រយ័ត្នចំពោះបំណែកគ្រាប់រ៉ុក្កែតចិន Longmarch 5B-4Y ដែលអាចនឹងធ្លាក់លើខេត្តទាំងនោះ
- BY
- autoadmin
- November 3, 2022
ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យារបស់ថៃ (GISTDA) នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីជូនដំណឹងដល់ខេត្តចំនួន ១១ របស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នចំពោះបំណែកគ្រាប់រ៉ុក្កែត ដែលអាចនឹងធ្លាក់ពីលើមេឃនៅថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ខាងមុខនេះ។ អ្នកស្រាវជ្រាវជនជាតិថៃ និងជាអ្នកឯកទេសខាងមេកានិចគន្លងមកពី GISTDA គឺលោក Sittporn Chamnarnsin បានរាយការណ៍ថា រ៉ុក្កែតចិន Longmarch 5B-4Y ត្រូវបានគេរំពឹងថា នឹងធ្លាក់នៅថ្ងៃសៅរ៍នេះ។ ឥឡូវនេះ រ៉ុក្កែតកំពុងស្ថិតនៅក្នុងបរិយាកាសផែនដី ដែលមានចម្ងាយប្រហែល ១៧៧ គីឡូម៉ែត្រពីផ្ទៃដី។

គ្រាប់រ៉ុក្កែតទាំងមូលមានទម្ងន់ ២១.៦ តោន ប៉ុន្តែអ្នកជំនាញមិនរំពឹងថា គ្រាប់រ៉ុក្កែតនឹងធ្លាក់មកលើប្រទេសថៃទាំងព្រមនោះទេ ព្រោះភាគច្រើនវានឹងត្រូវបែកខ្ទេច និងឆេះនៅក្នុងបរិយាកាស។ លោក Sittporn បានបង្ហាញឱ្យដឹងថា ហានិភ័យនៃគ្រាប់រ៉ុក្កែតធ្លាក់មកលើប្រទេសថៃគឺ ១.៤% ។ អ្នកជំនាញបាននិយាយថា គ្រាប់រ៉ុក្កែតនេះបានធ្វើដំណើរឆ្លងកាត់ប្រទេសថៃចន្លោះពីម៉ោង ១ និង ៥៤នាទី ដល់ ១ និង ៥៦ នាទីរសៀល ដោយឆ្លងកាត់ខេត្តដូចជា៖ ឈៀងរ៉ៃ ឈៀងម៉ៃ ផាយ៉ាវ ណានណងខៃ អ៊ូដនថានី កាឡាស៊ីន រ៉យអេត យ៉ាសុថន អាំណាត់ចារឿន និង អ៊ូប៊ុនរ៉ាត់ថានី។
ទីភ្នាក់ងារបានបន្ថែមថា ខ្លួនអាចនឹងទស្សន៍ទាយកន្លែងធ្លាក់បានជាក់លាក់ នៅពេលដែលគ្រាប់រ៉ុក្កែតស្ថិតនៅចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រពីដី។ រ៉ុក្កែតត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រ ប៉ុន្តែទិសដៅរបស់វាអាចផ្លាស់ប្តូរអាស្រ័យលើលក្ខខណ្ឌមួយចំនួន ដូចជាអាកាសធាតុជាដើម។ ដូច្នេះ GISTDA ចង់ដាស់តឿនដល់ប្រជាពលរដ្ឋក្នុងខេត្តនិមួយៗឱ្យមានការប្រុងប្រយ័ត្នចំពោះវត្ថុធ្លាក់ពីលើមេឃ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:






