អន្តរជាតិ

យន្ដហោះមួយគ្រឿងរបស់ប្រទេសតង់ហ្សានីបានធ្លាក់កំឡុងពេលចុះចត ដែលបានឆក់យកជីវិតមនុស្សចំនួន ១៩នាក់

BY
autoadmin
November 7, 2022

មនុស្សចំនួន ១៩នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ប្រទេសតង់ហ្សានី បានធ្លាក់ចូលទៅក្នុងបឹង Victoria ក្នុងអាហ្វ្រិកខាងកើតកាលពីថ្ងៃអាទិត្យ។ ក្រុមហ៊ុនអាកាសចរណ៍ Precision Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនរបស់តង់ហ្សានី ដែលប្រតិបត្តិការជើងហោះហើរនេះ បាននិយាយថា យន្តហោះមួយនេះបានហោះចេញពីទីក្រុង Dar es Salaam ដ៏ធំបំផុតរបស់ប្រទេសតង់ហ្សានី ហើយបានធ្លាក់ខណៈពេលកំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Bukoba ភាគពាយព្យរបស់ប្រទេស។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​បាន​និយាយ​ថា ក្នុង​ចំណោម​អ្នក​ដំណើរទាំង ៣៩ នាក់ និង​សមាជិកអាកាសយានិកចំនួន ៤ នាក់ គឺមាន ២៤ នាក់ ​នៅ​រស់រានមានជីវិត។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញថា យន្តហោះស្ទើរតែលិចទឹកទាំងស្រុង ដោយមានតែកន្ទុយរបស់វាប៉ុណ្ណោះ ដែលអាចមើលឃើញពីលើទឹក។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះតាមទូកក៏ត្រូវបានបង្ហាញផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា យន្តហោះកំពុងព្យាយាមចុះចត ប៉ុន្តែប្រឈមនឹងស្ថានភាពមិនល្អ មើលផ្លូវមិនឃើញអំឡុងពេលមានព្យុះ។ ឥឡូវនេះអាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: