អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា គាត់នឹងធ្វើសេចក្តីប្រកាសដ៏ធំមួយនៅថ្ងៃអង្គារសប្តាហ៍ក្រោយ
- BY
- autoadmin
- November 8, 2022
អតីតប្រធានាធិបតីអាមេរិក គឺលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើការប្រកាសយ៉ាងធំមួយនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។ យ៉ាងណា សុន្ទរកថារបស់លោកត្រូវបានគេមើលឃើញថា គឺជាតម្រុយមួយដែលចង់បញ្ជាក់ថា លោកនឹងប្រកាសពីការឈរឈ្មោះសម្រាប់អាណត្តិថ្មី នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ លោក ដូណាល់ ត្រាំ បានថ្លែងបែបនេះនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទ ខណៈពេលដែលលោកកំពុងធ្វើយុទ្ធនាការនៅរដ្ឋ Ohio សម្រាប់គណបក្សសាធារណរដ្ឋ ដែលកំពុងឈរឈ្មោះក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ គាត់ក៏បាននិយាយដែរថា គាត់នឹងធ្វើសេចក្តីប្រកាសចេញពីផ្ទះវីឡា Mar-a-Lago របស់គាត់នៅរដ្ឋផ្លរីដា។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថាលោក ត្រាំ កំពុងគិតចង់ប្រកាសពីការឈរឈ្មោះជាបេក្ខភាពរបស់គាត់ក្នុងពេលឆាប់ៗនេះ។ របាយការណ៍បាននិយាយថាលោក ត្រាំ ទទួលបានការគាំទ្រពីបេក្ខភាពបោះឆ្នោតពាក់កណ្តាលអាណត្តិជាង ២០០ នាក់ ខណៈគណបក្សសាធារណរដ្ឋត្រូវបានគេព្យាករថា នឹងអាចឈ្នះអាសនៈបន្ថែមទៀត។ ពោលគឺអាសនៈចំនួន ៤៣៥ នៅក្នុងសភាតំណាងរាស្រ្ត និងអាសនៈចំនួន ៣៥ នៃព្រឹទ្ធសភាដែលមានសរុប ១០០ អាសនៈ នឹងត្រូវស្ថិតក្នុងដៃរបស់បក្សសាធារណរដ្ឋ។ អ្នកវិភាគនយោបាយខ្លះនិយាយថា ប្រសិនបើគណបក្សសាធារណរដ្ឋធ្វើបានល្អ នោះលោក ត្រាំ អាចនឹងអួតថា ជោគជ័យរបស់បក្សគឺដោយសារតែឥទ្ធិពលរបស់គាត់ ហើយប្រើប្រាស់វា ដើម្បីកសាងប្រជាប្រិយភាព សម្រាប់ការឈរឈ្មោះជាប្រធានាធិបតី៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






