អន្តរជាតិ

លោក ដូណាល់ ត្រាំ បានធ្វើការដាក់ពាក្យបណ្តឹង ដើម្បីរារាំងដីកាស៊ើបអង្កេតរបស់គណៈកម្មាធិការសភាតំណាងរាស្ត្រ

BY
autoadmin
November 12, 2022

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃសុក្រ ដើម្បីរារាំងដីកាពីគណៈកម្មាធិការសភាតំណាងរាស្រ្ត ដែលស៊ើបអង្កេតលើការវាយប្រហារកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូល ដោយអ្នកគាំទ្ររបស់លោកផ្ទាល់។ គណៈកម្មាធិការសភាថ្ងៃទី០៦ ខែមករា (United States House Select Committee on the January 6 Attack) បានប្រកាសនៅថ្ងៃទី២១ ខែតុលាថា ខ្លួនបានបញ្ជូនដីកាទៅលោក ដូណាល់ ត្រាំ ដោយទាមទារឱ្យគាត់ផ្តល់ឯកសារ និងផ្តល់សក្ខីកម្មនៅតុលាការ។

គណៈកម្មាធិការកំពុងស្វែងរកឯកសារជាច្រើនពីលោក ដូណាល់ ត្រាំ ដែលនឹងលម្អិតអំពីការទំនាក់ទំនងដែលគាត់អាចមានក្នុងរយៈពេលជាច្រើនខែ មុនឈានទៅដល់កុបកម្មថ្ងៃទី០៦ ខែមករា និងលើសពីនេះទៀត គឺជាមួយសមាជិកសភាក្រុម Oath Keepers និងក្រុម Proud Boys ព្រមទាំងសហការី និងអតីតជំនួយការរួមមាន៖ លោក Roger Stone, លោក Steve Bannon, លោក Michael Flynn និងលោក Rudy Giuliani។ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា គណៈកម្មាធិការបាននិយាយថា ខ្លួនបានផ្តល់ពេលឱ្យអតីតប្រធានាធិបតីមួយសប្តាហ៍ទៀត ដើម្បីចាប់ផ្តើមផលិតឯកសារដែលដីកាបង្គាប់៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: