ប្រទេសទួរគីប្ដេជ្ញានឹងសងសឹករាល់ជនល្មើសណា ដែលមានពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែកដ៏សាហាវនៅអ៊ីស្តង់ប៊ុល
- BY
- autoadmin
- November 15, 2022
រដ្ឋាភិបាលរបស់ប្រទេសទួរគីបានស្នើថា ខ្លួននឹងសងសឹករាល់ជនល្មើសដែលពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែកដ៏សាហាវនៅអ៊ីស្តង់ប៊ុល។ អាជ្ញាធរសន្តិសុខរបស់ប្រទេសនេះ កំពុងថ្កោលទោសយ៉ាងខ្លាំងលើក្រុមសកម្មប្រយុទ្ធ រួមទាំងគណបក្សពលករឃឺដ ឬ PKK សម្រាប់ការវាយប្រហារមួយនោះ។ គួររំលឹកជូនដែរថា ការបំផ្ទុះកាលពីថ្ងៃអាទិត្យនៅលើផ្លូវដើរទិញឥវ៉ាន់ដ៏មមាញឹកក្នុងទីក្រុងអ៊ីស្តង់ប៊ុល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ និងរបួស ៨១នាក់ ផ្សេងទៀត។ អាជ្ញាធរបាននិយាយថា ពួកគេបានចាប់ឃុំខ្លួនស្ត្រីជនជាតិស៊ីរីម្នាក់ ដែលសង្ស័យថា បានបង្កប់គ្រាប់បែក ក៏ដូចជាមនុស្សប្រមាណ ៥០នាក់ ផ្សេងទៀតដែលជាប់សង្ស័យ។

ស្ត្រីជនជាតិស៊ីរី តាមសេចក្តីរាយការណ៍បានប្រាប់អ្នកស៊ើបអង្កេតថា នាងត្រូវបានបណ្តុះបណ្តាលដោយពួកគណបក្សពលករឃឺដ ឬ PKK និងក្រុមសកម្មប្រយុទ្ធឃឺដផ្សេងទៀត ហើយបានចូលប្រទេសទួរគី ឆ្លងកាត់ភាគពាយ័ព្យនៃប្រទេសស៊ីរី ខណៈ PKK ត្រូវបានដាក់ក្នុងបញ្ជីជាអង្គការភេរវជនដោយទួរគី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Suleyman Soylu បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទួរគីដឹងពីសារអ្វីដែលជនល្មើសចង់ផ្ញើទៅកាន់ខ្លួន។ លោកថា រដ្ឋាភិបាលនឹងសងសឹកពួកគេវិញជាថ្នូរនឹងការដែលពួកគេធ្វើមកលើទួរគី។ ជាមួយគ្នានេះដែរ មានប្រជាពលរដ្ឋជាច្រើននាក់ក៏បានទៅទស្សនាកន្លែងបំផ្ទុះនោះកាលពីថ្ងៃចន្ទ ដើម្បីដាក់កម្រងផ្កាជូនជនរងគ្រោះដែលបានស្លាប់៕


អត្ថបទ៖ លីដា
ប្រភព៖ Yahoo
- Share This Post:






