អន្តរជាតិ

របាយការណ៍មិនទាន់ច្បាស់ការមួយបាននិយាយថា មីស៊ីលរុស្ស៊ីបានវាយប្រហារភូមិមួយរបស់ប្រទេសប៉ូឡូញ ដែលនេះអាចជារងើកភ្លើងថ្មីមួយឈានទៅរកសង្គ្រាមជាមួយសម្ព័ន្ធមិត្តណាតូ

BY
autoadmin
November 16, 2022

របាយការណ៍ដែលមិនទាន់បានបញ្ជាក់មួយបាននិយាយថា មីស៊ីលដែលផលិតដោយប្រទេសរុស្ស៊ី បានវាយប្រហារភូមិមួយរបស់ប្រទេសប៉ូឡូញ នៅជិតនឹងព្រំដែនអ៊ុយក្រែន ដោយបានសម្លាប់មនុស្សចំនួន ២នាក់ ហើយជំរុញឱ្យមានការព្រួយបារម្ភជារួមសម្រាប់សម្ព័ន្ធមិត្តណាតូទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ ប្រទេសប៉ូឡូញបានបញ្ជាក់ថា ការផ្ទុះនេះគឺបណ្តាលមកពីមីស៊ីលមួយ ប៉ុន្តែបាននិយាយថា ខ្លួនមិនមានភស្តុតាងជាក់ស្តែងថា អ្នកណាជាអ្នកបាញ់វានោះទេ។ បើ​ជា​រុស្ស៊ីមែន នោះវា​នឹង​ជា​ការ​វាយ​ប្រហារ​លើក​ដំបូង​របស់​ក្រុង​ម៉ូស្គូ​ទៅ​លើ​ប្រទេសជាសមាជិក​ណាតូ។

គេខ្លាចថា អង្គការណាតូអាចលើកយកមាត្រា៥ មកប្រើប្រាស់ ដែលវាបានចែងថា ការវាយប្រហារប្រឆាំងនឹងសមាជិកណាម្នាក់ ត្រូវបានចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងសមាជិកទាំងអស់របស់ណាតូ ដែលនេះអាចបង្កឱ្យមានសង្គ្រាមកើតឡើងបាន។ ប្រទេសប៉ូឡូញត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការអនុម័តមាត្រា៤ នៃសន្ធិសញ្ញាសម្ព័ន្ធសន្តិសុខ ដែលអំពាវនាវឱ្យមានការពិគ្រោះយោបល់ ប្រសិនបើប្រទេសសមាជិកមានអារម្មណ៍ថា បូរណភាពទឹកដីរបស់ខ្លួនត្រូវបានគំរាមកំហែង។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសរសេរនៅលើ Twitter ថា សម្ព័ន្ធភាពកំពុងតាមដានស្ថានការណ៍ ហើយវាមានសារៈសំខាន់ដែលការពិតទាំងអស់ត្រូវបានវែកញែក។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បាននិយាយទៅកាន់សមភាគីប៉ូឡូញ និងបានសន្យាផ្តល់ជំនួយក្នុងការស៊ើបអង្កេតនេះ។ ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា៖«អ្វីដែលយើងបានព្រមានជាយូរយារណាស់មកហើយ វាបានកើតឡើងនៅថ្ងៃនេះ។ យើងបានប្រាប់រឿងនេះហើយ។ ភេរវកម្មមិនត្រូវបានកំណត់ចំពោះព្រំដែនជាតិរបស់យើងទេ។ វាបានរីករាលដាលដល់ទឹកដីនៃប្រទេសម៉ុលដាវីរួចហើយ។ ហើយថ្ងៃនេះ មីស៊ីលរុស្ស៊ីបានវាយប្រហារប៉ូឡូញ»។ យ៉ាងណាក៏ដោយ មន្ត្រីការពារជាតិរុស្ស៊ីបានបដិសេធថា គ្មានមីស៊ីលរុស្ស៊ីណាមួយបានវាយប្រហារទឹកដីប៉ូឡូញទេ។ ពួកគេ​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ​ជា​ការ​បង្ករឿងដោយ​ចេតនា៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: