អន្តរជាតិ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងឈរឈ្មោះជាលើកទី៣ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤

BY
autoadmin
November 16, 2022

អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសកាលពីយប់ថ្ងៃអង្គារ (ម៉ោងនៅអាមេរិក) ចេញពីវីឡា Mar-a-Lago របស់គាត់ក្នុងរដ្ឋ Florida ថា គាត់នឹងឈរឈ្មោះជាប្រធានាធិបតីជាលើកទី៣។ លោក ដូណាល់ ត្រាំ បានប្រកាសឈរឈ្មោះ សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ បន្ទាប់ពីបានដាក់ចេញនូវសេចក្តីថ្លែងការណ៍អំពីការឈរឈ្មោះជាបេក្ខភាព ជាមួយគណៈកម្មាធិការបោះឆ្នោតសហព័ន្ធ។ លោក ត្រាំ បាននិយាយថា៖«ដើម្បីធ្វើឱ្យអាមេរិកអស្ចារ្យ និងរុងរឿងម្តងទៀត នៅយប់នេះ ខ្ញុំនឹងប្រកាសជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក»។

លោក ត្រាំ ដែលកំពុងមានអាយុ ៧៦ឆ្នាំ បានប្រាប់អ្នកគាំទ្ររបស់គាត់នៅក្នុងសុន្ទរកថាមួយថា៖«កាលពី ២ឆ្នាំមុន ពួកយើងគឺជាប្រជាជាតិដ៏អស្ចារ្យ ហើយឆាប់ៗនេះយើងនឹងក្លាយជាប្រជាជាតិដ៏អស្ចារ្យម្តងទៀត»។ សុន្ទរកថាជាច្រើនរបស់លោក ត្រាំ តំណាងឱ្យប្រតិកម្មទៅនឹងការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក ចូ បៃដិន ខណៈដែលលោក ត្រាំ បានរិះគន់តម្លៃឧស្ម័ន អតិផរណា និងគោលនយោបាយថាមពលក្រោមប្រធានាធិបតីបច្ចុប្បន្ន។ ការពិតទៅលោក ត្រាំ ធ្លាប់ត្រូវបានគេរំពឹងថា នឹងប្រកាសនៅយប់ថ្ងៃអង្គារថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីជាលើកទី៣ ដោយសារតែគាត់ធ្លាប់បង្ហើបខ្លះដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះថាគាត់នឹងធ្វើវា៕

អត្ថបទ៖ លីដា
ប្រភព៖ CBS News

Share This Post: