អ្នកជំនាញព្យាករណ៍ថា ឥណ្ឌូនេស៊ីនឹងជួបគ្រោះធម្មជាតិជាង២,០០០ដងទៀតនៅក្នុងឆ្នាំ ២០១៩ នេះ
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) របស់ឥណ្ឌូនេស៊ីបានព្យាការណ៍ថា នៅក្នុងឆ្នាំ ២០១៩ នេះ ឥណ្ឌូនេស៊ី នឹងជួបគ្រោះធម្មជាតិច្រើនជាងឆ្នាំមុនៗទៅទៀត។ ក្នុងសន្និសិទ្ធសារព័ត៌មានផ្លូវការមួយ BNPB បានបញ្ជាក់ថា យោងតាមការព្យាករណ៍ និងសិក្សាបានបង្ហាញថា នៅក្នុងឆ្នាំ ២០១៩ នេះ ឥណ្ឌូនេស៊ីអាចនឹងជួបគ្រោះធម្មជាតិជាច្រើនប្រភេទសរុបចំនួន ២,៥០០ ករណី ដែលអាចកើតឡើងនៅតាមតំបន់ផ្សេងៗគ្នាពេញផ្ទៃប្រទេស។ សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីមានទីតាំងភូមិសាស្ត្រស្ថិតនៅតំបន់ក្រហម ឬអាចនិយាយបានដោយងាយថា តំបន់ដែលងាយកើតមានគ្រោះធម្មជាតិ។
រហូតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមាន ភ្នំភ្លើង ១២៧ ដែលអាចនឹងផ្ទុះបានគ្រប់ពេលវេលា និងអាចបង្កឲ្យមានរលកស៊ូណាមិផងដែរ។ ក្រៅពីនេះឥណ្ឌូនេស៊ីមានតំបន់ជាច្រើន ដែលកំពុងតែមានបញ្ហាបាក់ដី ស្រុតដី និងហិនហោចដោយការបំពុលបរិស្ថាន។ ដូចនេះហើយវាងាយណាស់ថា ឥណ្ឌូនេស៊ីអាចនឹងកើតមានគ្រោះធម្មជាតិផ្សេងៗ ដូចខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត រញ្ជួយដី និងរលកស៊ូណាមិជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ coconuts