អន្តរជាតិ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា នឹងមិនត្រឡប់ទៅប្រើប្រាស់ Twitter វិញទេ បើទោះបីជាមានមតិភាគច្រើនបានគាំទ្រគាត់

BY
autoadmin
November 21, 2022

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បាននិយាយថា លោកមិនមានចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅប្រើប្រាស់បណ្ដាញសង្គម Twitter វិញនោះទេ បើទោះបីជាមានមតិភាគច្រើនបានបោះឆ្នោតគាំទ្រលោក នៅក្នុងការស្ទង់មតិដែលរៀបចំដោយម្ចាស់ថ្មីគឺលោក Elon Musk ។ អ្នកប្រើប្រាស់ Twitter ជាង ១៥ លាននាក់ បានបោះឆ្នោតនៅក្នុងការស្ទង់មតិនេះ ដោយមានសំឡេង ៥១.៨% បានបោះឆ្នោតគាំទ្រការស្តារគណនីរបស់លោកឡើងវិញ។ លោក Musk បានសរសេរថា៖«ប្រជាជនបានគាំទ្រ។ Trump នឹងត្រូវបានស្តារឡើងវិញ»។

រំលឹកដែរថា គណនី Twitter របស់លោក ត្រាំ ដែលធ្លាប់មាន Follower ជាង ៨៨ លាននាក់ មុនពេលត្រូវបានហាមបិទនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានចាប់ផ្តើមមាន Follower ឡើងវិញ ដោយមានជិត ១០០,០០០ Follower គិតត្រឹមម៉ោង ១០ យប់ ម៉ោងក្នុងស្រុកនៅថ្ងៃសៅរ៍។ ប៉ុន្តែអ្នក​ប្រើ​ខ្លះ​បាន​រាយការណ៍​ថា​ ពួកគេមិន​ទាន់អាច Follow គណនី​របស់លោក ដូណាល់ ត្រាំ ដែលទើបតែស្ដារឡើងវិញបាននោះទេ។ ចំណែកលោក ត្រាំ ក៏មិនបានបង្ហាញការចាប់អារម្មណ៍អ្វីនោះដែរ នៅថ្ងៃដដែលនោះ។

ក្រុមមួយនៅឯកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំរបស់សម្ព័ន្ធ Jewish Coalition បានសួរគាត់ថា តើគាត់មានគម្រោងត្រឡប់ទៅ Twitter វិញទេ? លោកបានឆ្លើយថា៖«ខ្ញុំមិនឃើញហេតុផលសម្រាប់វាទេ»។ គាត់បាននិយាយថា គាត់នឹងនៅតែប្រើវេទិកាថ្មីរបស់គាត់គឺ Truth Social ដែលជាកម្មវិធីដែលបង្កើតឡើងដោយក្រុមហ៊ុន Trump Media & Technology Group (TMTG) របស់គាត់ ដែលគាត់បាននិយាយថា មានការចូលរួមពីអ្នកប្រើប្រាស់ប្រសើរជាង Twitter ហើយកំពុងដំណើរការល្អអស្ចារ្យ។ យ៉ាងណាក៏ដោយ Twitter មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: