Tesla កំពុងប្រមូលរថយន្ត Model 3 និង Model Y ច្រើនជាង ៣២០,០០០ គ្រឿង ត្រឡប់មកវិញជុំវិញបញ្ហាអំពូលភ្លើងក្រោយ
Tesla កំពុងប្រមូលរថយន្តជាង ៣២១,០០០ គ្រឿង ជុំវិញបញ្ហា software ដែលបណ្តាលឱ្យអំពូលភ្លើងក្រោយរបស់រថយន្តមួយចំនួនមិនដំណើរការត្រឹមត្រូវ។ ក្រុមហ៊ុនបានប្រកាសពត៌មាននេះកាលពីថ្ងៃសៅរ៍ នៅក្នុងឯកសាររដ្ឋបាលចរាចរណ៍ និងសុវត្ថិភាពផ្លូវជាតិ (PDF) ដែលត្រូវបានមើលឃើញដោយរ៉យទ័រ។ ការប្រមូលត្រឡប់មកវិញគ្របដណ្តប់លើរថយន្ត Model 3 ស៊េរីឆ្នាំ 2023 និង Model Y ពីស៊េរីឆ្នាំ 2020 ដល់ 2023 ដែលផលិតសម្រាប់ទីផ្សារអាមេរិក។

ការជូនដំណឹងរបស់ NHTSA បាននិយាយថា ក្នុងករណីដ៏កម្រ ចង្កៀងខាងក្រោយម្ខាង ឬទាំងសងខាង សម្រាប់ម៉ូដែលឆ្នាំដែលបានរៀបរាប់ខាងលើ អាចមានបញ្ហាលើការបំភ្លឺជាបន្តបន្ទាប់ ដោយសារតែភាពខុសប្រក្រតីនៃកម្មវិធីបង្កប់ (firmware) ដែលអាចបណ្តាលឱ្យមានបញ្ហាក្នុងអំឡុងពេលបញ្ឆេះរថយន្ត។ វាបានបន្ថែមថា ចង្កៀងហ្រ្វាំង ចង្កៀងបម្រុង និងចង្កៀងសញ្ញា មិនបានរងផលប៉ះពាល់អ្វីទេ ហើយបន្តដំណើរការដូចធម្មតា។
ក្រុមហ៊ុន Tesla នឹងចេញផ្សាយការធ្វើបច្ចុប្បន្នភាពកម្មវិធី ដើម្បីដោះស្រាយបញ្ហានេះ។ ក្រុមហ៊ុនមិនមានរបាយការណ៍អំពីការគ្រោះថ្នាក់ ឬរបួសដែលទាក់ទងនឹងបញ្ហានេះទេ ខណៈក្រុមហ៊ុនបានដឹងពីបញ្ហានេះនៅចុងខែតុលា។ នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយពីមួយថ្ងៃមុន ក្រុមហ៊ុន Tesla បានប្រមូលរថយន្តមកវិញប្រហែល ៣០,០០០ គ្រឿង ដោយសារបញ្ហាដែលអាចបណ្តាលឱ្យពោងសុវត្ថិភាពអ្នកដំណើរខាងមុខនៅក្នុងរថយន្ត Model X ដាក់ពង្រាយមិនត្រឹមត្រូវនៅក្នុងស្ថានភាពមួយចំនួន៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget