ពលរដ្ឋចំនួន ២៦៨នាក់ បានបាត់បង់ជីវិត ខណៈជិត ៦០,០០០ នាក់ ត្រូវជម្លៀសខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅឥណ្ឌូណេស៊ី
អាជ្ញាធរឥណ្ឌូណេស៊ីកំពុងតស៊ូ ដើម្បីជួយសង្គ្រោះអ្នកនៅរស់រានមានជីវិត និងផ្តល់ជំនួយដល់ពលរដ្ឋជម្លៀសខ្លួនជិត ៦០,០០០ នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយក្នុងកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារខេត្ត West Java កាលពីថ្ងៃចន្ទ។ អាជ្ញាធរគ្រោះមហន្តរាយបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៦៨ នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ ហើយ ១៥១ នាក់នៅតែបាត់ខ្លួន ខណៈមនុស្សជាង ១,០០០ នាក់បានរងរបួស។ ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកមនុស្សដែលជាប់នៅក្នុងកំទេចកំទី ដោយសារគ្រោះរញ្ជួយដីនេះបានបណ្តាលឱ្យមានការរអិលបាក់ដីជាច្រើនកន្លែង។

ការរញ្ជួយដីតូចៗជាង ១០០ លើក បានកើតឡើង បន្ទាប់ពីការរញ្ជួយដីដំបូងដែលបង្ខំឱ្យមនុស្សប្រហែល ៥៨,០០០ នាក់ ត្រូវជម្លៀសចេញ។ នៅក្នុងស្រុក Cianjur អ្នកស្រុកប្រហែល ១០០ នាក់ កំពុងប្រើប្រាស់តង់ ដើម្បីសង់ជាកន្លែងស្នាក់បណ្តោះអាសន្ននៅខាងក្រៅ។ អ្នកជម្លៀសជាច្រើននាក់ត្រូវបានគេទុកចោលដោយគ្មានការផ្គត់ផ្គង់ជំនួយជាង ២៤ម៉ោង បន្ទាប់ពីការរញ្ជួយដី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា អ្នកជម្លៀសត្រូវការអាហារ ភួយ និងក្រណាត់កន្ទបទារក។ ប៉ុន្តែតំបន់ជាច្រើននៅដាច់ពីគេ ពីព្រោះការរអិលបាក់ដីបានធ្វើឱ្យផ្លូវមួយចំនួនមិនអាចធ្វើដំណើរបានឡើយ។ មន្ត្រីឧតុនិយមបានព្រមានអ្នកស្រុកឱ្យបន្តប្រុងប្រយ័ត្ន ព្រោះភ្លៀងអាចបង្កឱ្យមានការរអិលបាក់ដី និងពង្រីកការខូចខាតបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK