អន្តរជាតិ

យ៉ាងហោចមនុស្ស ១៥ នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែកចំនួន ២ នៅទីក្រុងយេរូសាឡឹម

BY
autoadmin
November 23, 2022

មន្ត្រីសន្តិសុខ និងក្រុមគ្រូពេទ្យរបស់អ៊ីស្រាអែលបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ១៥នាក់ បានរងរបួស នៅក្នុងការបំផ្ទុះចំនួន ២ ដាច់ដោយឡែកពីគ្នា ទៅលើស្ថានីយ៍រថយន្តក្រុងក្នុងទីក្រុងយេរូសាឡឹម នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា។ ការផ្ទុះបានកើតឡើងនៅស្ថានីយ៍រថយន្តក្រុងមួយ នៅច្រកចេញខាងលិចពីក្រុងយេរូសាឡឹម បានធ្វើឱ្យមនុស្ស ១២ នាក់រងរបួស ក្នុងនោះ ២ នាក់ត្រូវរបួសធ្ងន់។ ចំណែកការបំផ្ទុះដាច់ដោយឡែកពីគ្នានៅស្ថានីយ៍មួយទៀតនៅជិតគ្នានោះ បានធ្វើឱ្យខូចខាតរថយន្តក្រុងមួយ និងធ្វើឱ្យមនុស្ស ៣ នាក់រងរបួស។

ប៉ូលីសបាននិយាយថា ការបំផ្ទុះទាំង ២ បានកើតឡើងប្រមាណកន្លះម៉ោងពីគ្នា ដោយបានកត់សម្គាល់ថា ប៉ូលីសស្ថិតនៅកន្លែងកើតហេតុជាមួយនឹងកងកម្លាំងផ្សេងទៀត ដើម្បីប្រមូលភស្តុតាង និងស្កេនតំបន់ដើម្បីស្វែងរកជនសង្ស័យ។ អ្នកថតរូប AFP ម្នាក់នៅកន្លែងកើតហេតុបាននិយាយថា ការបំផ្ទុះទី១បានធ្វើឱ្យរបងដែកនៅខាងក្រោយចំណតឡានដាច់រយះ ខណៈម៉ូតូអគ្គិសនី និងមួកមួយចំនួនដួលរាយប៉ាយលើដី ហើយការ​បំផ្ទុះ​លើក​ទី​ ២ បាន​ធ្វើឱ្យឡានក្រុងធ្លុះជាច្រើនកន្លែង។ មន្ទីរពេទ្យ Shaare Zedek បាននិយាយថា ខ្លួនកំពុងព្យាបាលមនុស្ស ៦ នាក់ ដែលរងរបួសនៅក្នុងការផ្ទុះដំបូង ដោយមាន ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ២ នាក់របួសធ្ងន់ និង ២ នាក់ទៀតរងរបួសស្រាល៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: