អន្តរជាតិ

ប្រទេសវៀតណាមកំពុង​ស្នើ​ឱ្យមាន​ការ​ហាម​ឃាត់​ផលិតផលបារីអេឡិចត្រូនិច ​និងថ្នាំ​ជក់​ជំនាន់​ថ្មី

BY
Khmernote Media
November 25, 2022

ក្រសួង​សុខាភិបាលរបស់ប្រទេសវៀតណាម ​បាន​ស្នើ​ឱ្យមាន​ការ​ហាម​ឃាត់​ផលិតផល​ថ្នាំ​ជក់​ជំនាន់​ថ្មី ដោយ​លើក​ឡើង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​ពួក​គេ​អាច​មាន​លើ​យុវជន ក៏ដូចជាការ​ចំណាយ​លើ​ការ​គ្រប់​គ្រង​បន្ថែមទៀត។ នៅក្នុងសន្និសិទមួយដែលបានធ្វើឡើងកាលពីថ្ងៃពុធ ស្តីពីដំណោះស្រាយដើម្បីការពារផលប៉ះពាល់អវិជ្ជមាននៃថ្នាំជក់ លោកស្រី Tran Thi Trang អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាលបាននិយាយថា ច្បាប់ស្តីពីការទប់ស្កាត់ថ្នាំជក់បច្ចុប្បន្ន មិនមានអំណាចសម្រាប់ដោះស្រាយជាមួយបារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ (Heated tobacco products) នោះទេ។

លោកស្រី​បាន​បន្ត​ថា ការអនុញ្ញាតឱ្យចែកចាយផលិតផលទាំងនេះនៅលើមូលដ្ឋានសាកល្បង បានបង្ហាញឱ្យឃើញពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាន រួមទាំងការចំណាយលើការគ្រប់គ្រង ដែលមានន័យថា រដ្ឋត្រូវចំណាយធនធានមនុស្ស និងការគ្រប់គ្រង ដើម្បីដោះស្រាយបញ្ហាសង្គមដែលកើតចេញពីការប្រើប្រាស់ និងការរំលោភបំពានផលិតផលថ្នាំជក់ថ្មី ជាពិសេសផលប៉ះពាល់របស់វា លើ​អាកប្បកិរិយា និង​របៀប​រស់នៅ​របស់​យុវជន។

លោកស្រី Trang បាននិយាយថា សំណើរបស់ក្រសួងសុខាភិបាលក្នុងការហាមប្រាមផលិតផលថ្នាំជក់ជំនាន់ថ្មី រួមទាំងបារីអេឡិចត្រូនិច និងថ្នាំជក់ HTP គឺស្របតាមគោលបំណងរបស់ខ្លួនក្នុងការការពារសុខភាពប្រជាជន។ លោកស្រី Nguyen Thi Thu Huong មកពីក្រសួងសុខាភិបាលបាននិយាយថា ភាគរយនៃប្រជាជនប្រើប្រាស់បារីអេឡិចត្រូនិចក្នុងឆ្នាំ ២០២០ បានកើនឡើង ១៨ដង ធៀបនឹងឆ្នាំ ២០១៥ (ពី ០.២% ទៅ ៣.៦%)។ លោកស្រីបានបន្ថែមថា ជារៀងរាល់ឆ្នាំ មនុស្សប្រហែល ៤០,០០០ នាក់ បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងថ្នាំជក់នៅក្នុងប្រទេសវៀតណាម៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: