អន្តរជាតិ

អង្គការសហប្រជាជាតិ​នឹង​បង្កើត​បេសកកម្ម​ស៊ើបអង្កេត​ ពាក់ព័ន្ធនឹងការបង្ក្រាប​លើ​អ្នកតវ៉ា​របស់អាជ្ញាធរ​អ៊ីរ៉ង់​

BY
autoadmin
November 25, 2022

ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្រេចបង្កើតបេសកកម្មឯករាជ្យមួយ ដើម្បីស៊ើបអង្កេតលើប្រទេសអ៊ីរ៉ង់ ចំពោះការបង្រ្កាបបាតុកម្មទ្រង់ទ្រាយធំដែលខ្លួនកំពុងបន្ត។ នៅក្នុងសម័យប្រជុំពិសេសនៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិបានបោះឆ្នោតលើដំណោះស្រាយមួយ ដែលគាំទ្រដោយប្រទេសចំនួន ២៥ នៅចំណោមសមាជិកទាំង ៤៧ ប្រទេស។ ការខឹងសម្បារជាសាធារណៈនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានកើតឡើងដោយការស្លាប់របស់នាង Mahsa Amini អាយុ ២២ ឆ្នាំ ដែលត្រូវបានចាប់ខ្លួនពីបទពាក់កន្សែង Hijab មិនត្រឹមត្រូវ។ ការស្លាប់របស់នាងបាននាំឱ្យមានការតវ៉ានៅទូទាំងប្រទេសអ៊ីរ៉ង់អស់រយៈពេលជាង ២ខែមកហើយ។

អង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្ស បាននិយាយថា អាជ្ញាធរសន្តិសុខអ៊ីរ៉ង់ បាននិងកំពុងបង្រ្កាបក្រុមបាតុករ ដោយបានសម្លាប់មនុស្សជាង ៣០០នាក់។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បាននិយាយថា ស្ថានភាពមិនអាចទទួលយកបានទេ ហើយការស៊ើបអង្កេតរបស់ប្រទេសអ៊ីរ៉ង់ បានបរាជ័យក្នុងការបំពេញតាមស្តង់ដារអន្តរជាតិនៃភាពមិនលំអៀង ឯករាជ្យ និងតម្លាភាព។ ពួកគេបាននិយាយ​ថា អាជ្ញាធរ​សន្តិសុខ​អ៊ីរ៉ង់​កំពុង​ឃុំខ្លួន​បាតុករ​ដោយ​អយុត្តិធម៌ និង​ប្រើ​អំពើ​ហិង្សា​ផ្លូវភេទ។ ពួកគេបាននិយាយថា បេសកកម្មស្វែងរកការពិតថ្មីនឹងបញ្ជូនរបាយការណ៍ស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ទៅកាន់អង្គការសហប្រជាជាតិ។ ចិន និង​ប្រជាជាតិ​មួយ​ចំនួន​ទៀត​បាន​ប្រឆាំង​នឹង​ដំណោះស្រាយ​នេះ។ ពួកគេ​និយាយ​ថា សិទ្ធិមនុស្ស​មិន​គួរ​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​ ដើម្បី​ជ្រៀតជ្រែក​ជាមួយ​ប្រទេស​ដទៃ​នោះ​ទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: