អន្តរជាតិ

លោក Elon Musk បាននិយាយថា Twitter នឹងស្ដារគណនីដែលត្រូវបានផ្អាកឡើងវិញនៅសប្ដាហ៍ក្រោយ

BY
autoadmin
November 25, 2022

ម្ចាស់ថ្មីរបស់បណ្តាញសង្គម Twitter របស់អាមេរិក គឺលោក Elon Musk បាននិយាយថា លោកនឹងស្តារគណនីដែលត្រូវបានផ្អាកឡើងវិញនៅសប្តាហ៍ក្រោយនេះ។ លោក Musk បានបង្ហោះការស្ទង់មតិមួយទៅលើ Twitter របស់គាត់ សម្រាប់ការបោះឆ្នោតថា តើត្រូវស្ដារគណនីដែលមិនបំពានច្បាប់ឡើងវិញ ឬមិនបាន spam ខុសក្បួនខ្នាតពេកវិញឬទេ។ ក្នុង​ចំណោម​សំឡេង​ឆ្នោត​ជាង ៣.១៦ លាន​សំឡេង មានសំឡេង​ជាង ៧២% បានគាំទ្រចំណាត់ការនេះ។ លោក Musk បានសរសេរនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ថា៖«ប្រជាជនបានសម្រេចចិត្ត។ ការលើកលែងចាប់ផ្តើមនៅសប្តាហ៍ក្រោយ»។ លោក​មិន​ទាន់​បាន​បង្ហាញ​ថា​ តើ​គណនី​ប្រភេទ​ណា​ដែល​នឹង​ត្រូវ​ដាក់ឱ្យ​ដំណើរការ​ឡើង​វិញនៅឡើយទេ។

រំលឹកដែរថា បន្ទាប់ពីបានគ្រប់គ្រង Twitter កាលពីចុងខែមុន លោក Musk បាននិយាយថា គ្មានគណនីដែលត្រូវបានផ្អាកណាមួយនឹងត្រូវបានស្តារឡើងវិញទេ រហូតដល់ក្រុមហ៊ុនបានបង្កើតក្រុមប្រឹក្សាសម្របសម្រួលមាតិកា។ ប៉ុន្តែគេ​មិន​ដឹង​ថា ​តើ​ក្រុម​ប្រឹក្សា​បែប​នេះ​ត្រូវ​បាន​បង្កើត​ឡើង ​ឬ​អត់។ អ្នកជំនាញកំពុងរិះគន់ថា ការស្ទង់មតិតាមអ៊ីនធឺណិត ដែលមានតែចម្លើយ «បាទ/ចាស» ឬ «ទេ» អាចនឹងខ្វះការពិភាក្សាលើបញ្ហានេះ។ អ្នកផ្សេងទៀតកំពុងសម្តែងការព្រួយបារម្ភថា ការបញ្ចូលគណនីដែលត្រូវបានផ្អាកឡើងវិញ អាចបណ្តាលឱ្យមានការកើនឡើងនៃការយាយី ការស្អប់ ឬព័ត៌មានមិនពិត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: