អន្តរជាតិ

លោក គីម ជុងអ៊ុន បាននិយាយថា គោលដៅសំខាន់បំផុតរបស់កូរ៉េខាងជើង គឺមានអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក

BY
autoadmin
November 28, 2022

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា គោលដៅសំខាន់បំផុតរបស់ប្រទេសលោក គឺការទទួលបាននូវកម្លាំងនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ខណៈលោកបានឡើងតំណែងឱ្យមន្ត្រីយោធារាប់សិបនាក់ ដែលពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីលផ្លោងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងជើងនាពេលថ្មីៗនេះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកបានត្រួតពិនិត្យការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 (ICBM) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ហើយលោកបានសន្យាថា នឹងទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ជាមួយនឹងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

លោក គីម បាននិយាយថា៖«ការកសាងកម្លាំងនុយក្លេអ៊ែរគឺដើម្បីការពារសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់រដ្ឋ និងប្រជាជនប្រកបដោយភាពជឿជាក់ ហើយគោលដៅសំខាន់ គឺមានកម្លាំងយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដែលជាកម្លាំងដាច់ខាតដែលមិនធ្លាប់មានពីមុនមកក្នុងសតវត្សន៍»។ គាត់បានហៅ Hwasong-17 ថាជា «អាវុធយុទ្ធសាស្ត្រខ្លាំងបំផុតរបស់ពិភពលោក» ហើយបាននិយាយថា វាបង្ហាញពីការតាំងចិត្ត និងសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការកសាងកងទ័ពដ៏ខ្លាំងបំផុតរបស់ពិភពលោក។

លោក គីម ក៏ត្រូវបានដកស្រង់សម្តីផងដែរថា៖ «អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើងបានធ្វើឱ្យមានការលោតផ្លោះដ៏អស្ចារ្យមួយឆ្ពោះទៅមុខ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានៃការដំឡើងក្បាលគ្រាប់នុយក្លេអ៊ែរនៅលើមីស៊ីលផ្លោង»។ វាត្រូវបានគេរំពឹងថា គាត់នឹងពង្រីក និងពង្រឹងសមត្ថភាពរារាំងនុយក្លេអ៊ែររបស់ប្រទេសក្នុងល្បឿនដ៏លឿនមិនធម្មតា៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: