Tesla ប្រកាសប្រមូលរថយន្តជាង ៤៣៥,០០០ គ្រឿង នៅក្នុងប្រទេសចិនត្រឡប់មកវិញ ក្រោយរកឃើញមានបញ្ហាភ្លើងស៊ីញ៉ូចំហៀង
- BY
- autoadmin
- December 2, 2022
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹងប្រមូលរថយន្តជាង ៤៣៥,០០០ គ្រឿង នៅក្នុងប្រទេសចិនត្រឡប់មកវិញ ដើម្បីជួសជុលបញ្ហាភ្លើងស៊ីញ៉ូចំហៀង នេះបើតាមអ្នកឃ្លាំមើលទីផ្សាររបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុននឹងចេញការអាប់ដេតកម្មវិធី (over-the-air) ដើម្បីដោះស្រាយបញ្ហាដែលបណ្តាលឱ្យមានការរំខានធ្ងន់ធ្ងរ ដែលអាចនាំទៅដល់ការប៉ះទង្គិចគ្នា។ បញ្ហានេះមានលើរថយន្ត Model 3 ចំនួន ១៤២,២៧៧ គ្រឿង និងរថយន្ត Model Ys ចំនួន ២៩២,៨៥៥ គ្រឿង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារចិន។
នេះជាការប្រមូលរថយន្តមកវិញលើកទី៦ ដែលធ្វើឡើងដោយក្រុមហ៊ុន Tesla ក្នុងប្រទេសចិនក្នុងឆ្នាំ២០២២ បន្ទាប់ពីការប្រមូលចុងក្រោយបំផុត ដែលមានរថយន្តជាង ៨០,០០០ គ្រឿង ត្រូវបានប្រមូលកាលពីសប្តាហ៍មុន។ ទិន្នន័យឈ្មួញកណ្តាលបានបង្ហាញថា ការលក់រាយរបស់ Tesla នៅក្នុងប្រទេសចិនបានកើនឡើងជិតទ្វេដងក្នុងរយៈពេលពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ធៀបនឹងឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុនបានកាត់បន្ថយតម្លៃសម្រាប់ម៉ូដែល 3 និងម៉ូដែល Y ខណៈពេលដែលផ្តល់នូវការលើកទឹកចិត្តផ្សេងៗ។ រោងចក្រនៅសៀងហៃរបស់ខ្លួន បានចែកចាយរថយន្តចំនួន ៥៥៤,៧៧៨ គ្រឿង ក្នុងរយៈពេល ១០ ខែ ដំបូងនៃឆ្នាំ២០២២ ដែលលើសពីចំនួនដែលបានចែកចាយក្នុងអំឡុងពេលឆ្នាំ២០២១ ទាំងមូល៕
អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post: