សង្គម
យុវជនមីល្ពៅខ្មែរ បាត់ដំបង ប្រកាសផ្អាកផលិតមីល្ពៅ និងសុំទោសដែលមិនអាចជួយកសិករ និងបង្កើតរោងចក្របាន
- BY
- Naren
- December 2, 2022
(បាត់ដំបង)៖ នៅចាំយុវជនមីល្ពៅខ្មែរ បាត់ដំបង ដែលទទួលភាពល្បីល្បាញពីសមិទ្ធផលក្នុងការស្រាវជ្រាវផលិតសរសៃមីចេញពីផ្លែល្ពៅ លោក វ៉ាន់ គិមវ៉ាង ទេ? ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលមួយរយៈធំមក លោក វ៉ាន់ គិមវ៉ាង បានប្រកាសផ្អាកផលិតមីល្ពៅ និងបន្ថែមថាមិនដឹងត្រឡប់មកវិញពេលណា។

យុវជនមីល្ពៅបាត់ដំបងរូបនេះបានសរសេររៀបរាប់ថា៖ «ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ។ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា»។
ក្រោយពីបានប្រកាសផ្អាកផលិត និងមិនដឹងថាត្រឡប់មកវិញពេលណានោះ មហាជនជាច្រើនសម្តែងការសោកស្តាយជាខ្លាំងចំពោះការប្រកាសបិទនេះ។ ក្នុងនោះលោក វ៉ាន់ គិមវ៉ាង ក៏បានបន្ថែមថា «រឿងទទួលវិនិយោគកាលពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល»។
សូមរំលឹកថាលោក វ៉ាន់ គិមវ៉ាង បានបង្កើតមីល្ពៅនេះនៅចុងឆ្នាំ២០១៩ ក៏ព្រោះតែនៅពេលនោះល្ពៅខ្មែរបានធ្លាក់តម្លៃខ្លាំង រហូតដល់កសិករខ្មែរយកល្ពៅទាំងនោះចាក់ចោលកណ្តាលផ្លូវ ទើបបណ្តាលចិត្តឱ្យលោកខិតខំយកល្ពៅរបស់កសិករខ្មែរឱ្យមានតម្លៃឡើងវិញតាមរយៈការផលិតសរសៃមីចេញពីផ្លែល្ពៅ៕





សង្គម
សហគ្រិនស្ត្រីឆ្នើមពីររូប ទទួលគ្រឿងឥស្សរិយយសព្រមគ្នាពីព្រះមហាក្សត្រ
សហគ្រិនស្ត្រីឆ្នើមកម្ពុជាពីររូប ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា សព្វព្រះហរទ័យ ព្រះរាជទានគ្រឿងឥស្សរិយយសចំនួន២ ព្រមគ្នា ក្នុងពេលតែមួយ។

ក្នុងនោះលោកជុំទាវ ខូវ សុខលាង អគ្គនាយិការក្រុមហ៊ុន ASPOR Electronic co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេរីវឌ្ឍន៍ និង លោកជុំទាវ រស់ សុភ័ក្រ អគ្គនាយិការក្រុមហ៊ុន Bnature import export co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេនា។

លោកជំទាវទាំងពីរក៏ជាសប្បុរសជនដែលតែជួយបរិច្ចាគ ថវិការ ធនធាននិងកម្លាំងជាច្រើនដើម្បីជួយដល់សង្គមជាហូរហែ។ ក្រៅពីនោះ លោកជំទាវទាំង ពីររូប ក៏ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាសហគ្រិនឆ្នើម និងមានពហុមុខជំនួញនៅក្នុងដៃថែមទៀតផង។

ក្នុងនោះ ក៏មានក្រុមហ៊ុន ASPOR Electronics និងក្រុមហ៊ុន Bnature ដែលទើបសហការគ្នានាំចូលផលិតផល SS3 Virgin serum ដែលជាផលិផលស្តង់ដាររបស់ប្រទេសជប៉ុន ដែលពេលនេះកំពុងតែទទួលបានការគាំទ្រជាច្រើនពីអតិថិជនក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕













សង្គម
វេទិកាចែករំលែកបទពិសោធន៍ចម្រុះ WE Light Up Talk
ភ្នំពេញ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កម្មវិធី WE Light Up Talk រៀបចំដោយក្រុមយុវទូតនៃគម្រោងសហគ្រិននារីសកម្ម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ» បានប្រព្រឹត្តទៅនៅអាគារ The Kampus ដោយទទួលបានការគាំទ្រពី USAID ក្រោមគម្រោងសហគ្រិននារីសកម្ម WE Act នៃអង្គការផេកកម្ពុជា សហការជាមួយអង្គការជា ដៃគូ ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជននានា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបាន ។

ជាភាពជោគជ័យនៅក្នុងកម្មវិធី WE Light Up Talk គឺការចូលរួមលើសពីការរំពឹងទុករហូតដល់ ៤៩០នាក់ ពីសំណាក់សាធារណជន ដែលនៅក្នុងនោះក៏មានវត្តមានរបស់ថ្នាក់ដឹកនាំ ឯកឧត្តមសំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតជននិងយុវនីតិសម្បទា លោក Sudila De Silva អ្នកតំណាង USAID ព្រមទាំងភ្ញៀវកិត្តិយសដែលជា Influencers នៅក្នុងបណ្តាញសង្គម យុវជនតំណាងមកពីស្ថាប័នដៃគូ និងយុវជនដែលមកពីសហគមន៍ចម្រុះផងដែរ។

លោកស្រី ប៉េង ឡូឌី អនុប្រធាន គម្រោងសហគ្រិននារីសកម្ម នៃអង្គការផេកកម្ពុជា បានមានប្រសាសន៍ថា «យើងជឿជាក់ថា ប្រសិនបើស្ត្រី និង យុវជនមកពីសហគមន៍ចម្រុះ ជាពិសេសក្រុមដែលងាយរងគ្រោះ ពួកគាត់មានឱកាសចូលរួមកម្មវិធីការនិយាយជាសាធារណៈ ដែលមានវាគ្មិនមកពីសហគមន៍ចម្រុះឡើងមកចែករំលែកបទពិសោធន៍ដែលពួកគាត់បានឆ្លងកាត់ នោះក្រុមយុវជនទាំងនោះ ពួកគេនឹងអាចចាប់ផ្តើមទទួលយកការពិតជាខ្លួនឯង ហ៊ានប្រឈមមុខនឹងឧបសគ្គដែលពួកគេបានជួបប្រទះ បើកចំហរក្នុងការចែករំលែកបទពិសោធន៍ ព្រមទាំងផ្លាស់ប្តូរការគិតទៅជារឿងវិជ្ជមាន។ ជាពិសេស ពួកគេនឹងអាចផ្លាស់ ប្តូរជីវិតរបស់ពួកគេ តាមរយៈការរៀនសូត្របន្ថែមពីយុវជនដទៃ ការបង្កើតបណ្តាញទំនាក់ទំនង និងចាប់ផ្តើមសកម្មក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែល្អប្រសើរ។
កម្មវិធី WE Light Up Talk មានវត្តមានរបស់វាគ្មិនកិត្តិយសចំនួន ០៤រូប ដែលជាអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិច អ្នកស្រលាញ់ភេទដូចគ្នា ជនមានពិការភាព និងយុវជនទូទៅ ដែលគាត់បានឡើងមកធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ផ្តល់លទ្ធភាពដល់យុវជនក្នុងការបង្ហាញភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ពួកគាត់នៅក្នុងសង្គម ហើយអ្វីដែលកាន់តែពិសេស ក៏មានការប្រគុំតន្រ្តីពីសំណាក់សិល្បករវ័យក្មេងក្រុមស៣ និងការសម្តែងរបាំសហសម័យក្រុម SilverBelle ព្រមទាំងមានការដើរទស្សនាតាមស្តង់របស់ម្ចាស់ឧត្ថម្ភកម្មវិធី ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ផងដែរ។

កម្មវិធី WE Light Up Talk បានផ្តល់ឱកាសដល់យុវជនមកពីសហគមន៍ចម្រុះអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជន ដើម្បីបំផុសគំនិតអ្នកចូលរួមទទួលបានការលើកទឹកចិត្ត ពួកគេរកឃើញភាពជាខ្លួនឯង ថែមទាំងអាចផ្លាស់ប្ដូរបាននូវផ្នត់គំនិតក្រោមភាពជាអ្នកដឹកនាំរបស់ពួកគេ ដើម្បីរស់នៅក្នុងជីវិតដែលពួកគេជ្រើសរើស។
តាមការសង្កេត កម្មវិធី WE Light Up Talk ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកចូលរួម អង្គការជាដៃគូ និងសំណាក់អ្នកឧបត្ថម្ភកម្មវិធី ដែលនេះជាភាពជោគជ័យដ៏ធំធេងសម្រាប់ក្រុមយុវទូតដែលរៀបចំកម្មវិធីនេះឡើង ហើយយើងរំពឹងទុកថានឹងមាន WE Light Up Talk រដូវកាលទី២ ដើម្បីឱ្យយុវជនមានឱកាសចូលរួមកម្មវិធីដែលមានអ្នកចូលរួមមកពីមជ្ឈដ្ឋានចម្រុះបែបនេះឱ្យបានកាន់តែច្រើន៕






