មិនធម្មតាឡើយ! សូម្បីតែសាកសពត្រូវគេគាស់លួចចេញពីផ្នូរដែរនៅប្រទេសចិន (មានវីដេអូ)
ចិន៖ សាកសពរបស់យុវតីវ័យ ១៨ ឆ្នាំម្នាក់ ត្រូវបានគេលួចគាស់ចេញពីថ្នូរដោយគ្មានមូលហេតុ ខណៈដែលក្រុមអ្នកជំនាញអះអាងថា សាកសពនេះទំនងជាត្រូវបានគេគាស់យកទៅរៀបការជាមួយនឹងមនុស្ស ដែលពិធីនេះគឺវប្បធម៌បុរាណមួយសម្រាប់ប្រជាជន ដែលរស់នៅក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។ សូមបញ្ជាក់ថា ជំនឿអរូបិយមួយនេះត្រូវបានប្រជាជនចាស់ៗក្នុងតំបន់ ខាងលើនេះអនុវត្តដោយជឿថា ដើម្បីនាំយកសន្តិភាព និងសុភមង្គលដល់វិញ្ញាណសាកសព ដែលស្លាប់ទៅទាំងនៅលីវ និងជាពិសេសគឺសាកសព ដែលជិតនឹងរៀបការ ឬមានគូស្នេហ៍រួចតែបានស្លាប់ចោលគូស្នេហ៍របស់ខ្លួន។
ពិធីរៀបការជាមួយព្រលឹងខ្មោចនេះត្រូវគេជឿថា នឹងជួយឲ្យព្រលឹងរបស់សាកសពស្ងប់ចិត្ត និងបានរស់នៅដោយសុភមង្គល ក្រោយពេលដែលស្លាប់ទៅ។ ចំពោះករណីខាងលើនេះ ខាងសាច់ញាតិរបស់សាកសពមិនបានអនុវត្តពិធីនេះទេ ហើយគាត់ក៏មិនបានដឹងថា អ្នកណាជាអ្នកធ្វើរឿងនេះដែរ។ យ៉ាងណាក្តី គេសង្ស័យថាមុនពេលស្លាប់យុវតីរូបនេះ មានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ ហើយបុរសនោះឯងជាអ្នកលួចធ្វើរឿងនេះដោយស្ងាត់ៗ ព្រោះបើគាត់ធ្វើវាជាសាធារណៈ គឺខាងគ្រួសាររបស់សាកសពមិនយល់ព្រមនោះទេ។ គួរលឹកដែរថា កាលពីឆ្នាំ ២០១៥ កន្លងទៅនេះនៅក្នុងខេត្ត Shanxi ធ្លាប់មានករណីគាស់សាកសពទៅរៀបការជាមួយមនុស្សដូចនេះ ចំនួន ១៤ ករណីរួចមកហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ mirror
