អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់ថៃបានព្រមានថា ប្រជាជនមិនគួររង់ចាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជំនាន់ថ្មីនោះទេ ខណៈជំងឺនេះកំពុងចាប់ផ្ដើមឆ្លងថ្មីកើនឡើងជាបន្ដបន្ទាប់
- BY
- Lyda
- December 3, 2022
ថៃ៖ អ្នកជំនាញខាងមេរោគឆ្លងកំពូលរបស់ប្រទេសថៃបានព្រមានថា ប្រជាជនមិនគួររង់ចាំវ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្មីជាងនេះទេ ស្របពេលដែលករណីឆ្លងថ្មីៗកំពុងកើនឡើងជាបណ្ដើរៗទៅហើយ។ នៅក្នុងការបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ លោកវេជ្ជបណ្ឌិត Yong Poovorawan បាននិយាយថា ករណីឆ្លងបានចាប់ផ្តើមកើនឡើងនៅពាក់កណ្តាលខែវិច្ឆិកា ហើយនឹងឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមករា។ ទោះយ៉ាងណាលោកថា តួលេខនឹងចាប់ផ្តើមធ្លាក់ចុះពីពាក់កណ្តាលខែកុម្ភៈ មុននឹងចាប់ឡើងវិញក្នុងរដូវវស្សាចាប់ពីខែមិថុនា ដល់ខែកញ្ញា។
ដូច្នេះហើយលោកបាននិយាយថា វាជារឿងសំខាន់សម្រាប់មនុស្សក្នុងការបង្កើនភាពស៊ាំរបស់ពួកគេភ្លាមៗ ជាជាងការរង់ចាំ។ លោកបានបន្ថែមថា ទោះបីវ៉ាក់សាំងដែលមានក្នុងប្រទេសថៃកំណត់គោលដៅលើវ៉ារ្យ៉ង់ចាស់ក៏ដោយ ក៏វានៅតែមានប្រសិទ្ធភាពខ្លាំង។ លោកថា វ៉ាក់សាំងដែលកំណត់គោលដៅជាក់លាក់អាចផ្តល់ភាពស៊ាំកាន់តែច្រើន ប៉ុន្តែការទទួលដូសជំរុញ និងទទួលវ៉ាក់សាំងកាន់តែច្រើន នឹងមានឱកាសកាន់តែប្រសើរឡើងក្នុងការការពាររោគសញ្ញាធ្ងន់ធ្ងរ។ ដូច្នេះ គាត់បាននិយាយថា អ្នករាល់គ្នាគួរតែទទួលបានយ៉ាងហោចណាស់ ៣ដង និងដូសទី៤ ក្នុងរយៈពេលប្រាំមួយខែ។
លោកវេជ្ជបណ្ឌិត Yong បានបន្តទៀតថា វ៉ារ្យ៉ង់អូមីក្រុង និងប្រភេទរងរបស់វាដូចជា៖ BA.1, BA.2, BA.2.75, BA.4 និង BA.5 នៅតែរីករាលដាលបំផុតនៅក្នុងប្រទេសថៃ ហើយបានឆ្លងជិត ៧០% នៃចំនួនប្រជាជនទាំងអស់។ ចំពោះព័ត៌មាននៃការឆ្លងប្រភេទ Deltacron គាត់បាននិយាយថា វានឹងមិនមានបញ្ហានៅក្នុងប្រទេសថៃទេ ព្រោះវ៉ារ្យ៉ង់សំខាន់នៅក្នុងប្រទេសថៃគឺ «អូមីក្រុង»៕
អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post: