ក្រុមហ៊ុន Trump Organization របស់គ្រួសារលោក ដូណាល់ ត្រាំ ត្រូវបានរកឃើញថាមានពិរុទ្ធពាក់ព័ន្ធនឹងពន្ធចំនួន ១៧ ករណី
- BY
- autoadmin
- December 7, 2022
រដ្ឋអាជ្ញានៅទីក្រុងញូវយ៉កបានផ្តោតគោលដៅលើអ្វីដែលគេហៅថា «វប្បធម៌នៃការក្លែងបន្លំ និងការបោកប្រាស់» ដោយពួកគេបាននិយាយថា ក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានផ្ដល់អត្ថប្រយោជន៏ដល់ថ្នាក់ដឹកនាំរបស់ខ្លួន ដោយគ្មានរបាយការណ៍កត់ត្រានោះទេ។ ពោលគឺអត្ថប្រយោជន៏ទាំងនោះ មិនត្រូវបានកត់ត្រាក្នុងបញ្ជី ឬមានទិន្ន័យបញ្ជាក់នោះទេ ហើយប្រការនេះមានន័យថា ក្រុមហ៊ុននឹងមិនចាំបាច់ ឬអាចគេចពីការបង់ពន្ធ។ កាលពីថ្ងៃអង្គារ រដ្ឋអាជ្ញាបានឈ្នះការកាត់ទោសប្រឆាំងនឹង Trump Organization ពីបទក្លែងបន្លំពន្ធ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុផ្សេងទៀត។

ព្រះរាជអាជ្ញានិយាយថា ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទទួលបានផ្ទះល្វែងប្រណីត រថយន្តទំនើប និងថ្លៃសិក្សា សម្រាប់សាលាឯកជនដោយមិនបានបង់ពន្ធ។ ដូច្នេះ Trump Organization ប្រឈមមុខនឹងការពិន័យជាអតិបរមាចំនួន ១.៦ លានដុល្លារ បន្ទាប់ពីត្រូវបានកាត់ទោសលើសំណុំរឿងចំនួន ១៧ ករណី ប៉ុន្តែលោក ដូណាល់ ត្រាំ ផ្ទាល់មិនបានរងការចោទប្រកាន់នោះទេ។ ទោះយ៉ាងណាក៏ដោយ ពួកគេនិយាយថា លោក ត្រាំ ជាអ្នកចំណាយសម្រាប់អត្ថប្រយោជន៍មួយចំនួន។ យ៉ាងណាក៏ដោយមេធាវីរបស់ Trump Organization បាននិយាយថា ក្រុមហ៊ុននឹងប្តឹងឧទ្ធរណ៍បន្ដទៀត។ រំលឹកដែរថា លោក ដូណាល់ ត្រាំ ទើបតែបានប្រកាសកាលពីខែមុនថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២៤៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






