អន្តរជាតិ

ប្រទេសថៃប្រកាសសង្រ្គាមលើការនាំចូលសាច់ជ្រូកខុសច្បាប់ ក្រោយមានការព្រួយបារម្ភពីជំងឺប៉េស្តជ្រូកអាហ្វ្រិក

BY
autoadmin
December 6, 2022

អគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វរបស់ថៃ បានប្រកាសសង្រ្គាមលើការនាំចូលសាច់ជ្រូកខុសច្បាប់ ដែលបានញាំញីអ្នកប្រើប្រាស់ និងកសិករថៃអស់រយៈពេលជាច្រើនខែមកនេះ នេះបើតាមការឱ្យដឹងរបស់អគ្គនាយករងលោក Somchuan Ratanamungklanon កាលពីថ្ងៃចន្ទ។ ការប្រកាសរបស់លោក ធ្វើឡើងបន្ទាប់ពីមន្ត្រីបសុសត្វបានរឹបអូសសាច់ជ្រូកចំនួន ៤០តោន ដែលនាំចូលដោយខុសច្បាប់ពីប្រទេសជិតខាង នៅឯកន្លែងស្តុកទុកក្នុងខេត្តសាមុតសាខុន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ នាយកដ្ឋានកំពុងទប់ស្កាត់ការជួញដូរសាច់ខុសច្បាប់ បន្ទាប់ពីមានការសង្ស័យថា មានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅឈៀងម៉ៃកាលពីខែមុន។

លោក Somchuan បាននិយាយថា ការនាំចូលសាច់ជ្រូកខុសច្បាប់ភាគច្រើនគឺមកដល់តាមច្រកសមុទ្រ ហើយនាយកដ្ឋានគយអាចពិនិត្យបានតែផ្នែកតូចមួយប៉ុណ្ណោះ។ លោក​បន្ត​ថា ពលរដ្ឋ​ដែល​ចាប់​បាន​ការ​នាំ​ចូល​សាច់​ជ្រូក​ខុស​ច្បាប់​ ប្រឈម​នឹង​ការ​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្រោម​ច្បាប់​ស្តី​ពី​ការ​រាតត្បាត​សត្វ។ លោក​បាន​ព្រមាន​ថា​៖«​ផលិតផល​ដែល​រឹបអូស​បាន​នឹង​ត្រូវ​បំផ្លាញ​ចោល ខណៈ​ម្ចាស់​កន្លែង​ស្តុក​ទំនិញ​នឹង​ប្រឈម​នឹង​ការ​ចោទប្រកាន់​ទាំង​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី លើ​ការ​ដកហូត​លិខិត​អនុញ្ញាត​»​។

លោកបានបន្ថែមថា ការទប់ស្កាត់ការនាំចូលសាច់ជ្រូកខុសច្បាប់ គឺជាកត្តាសំខាន់ក្នុងការរារាំងជំងឺ ASF ពីការចូលទៅក្នុងប្រទេសថៃ និងបំផ្លិចបំផ្លាញឧស្សាហកម្មចិញ្ចឹមជ្រូកក្នុងស្រុក។ លោក​បាន​បន្ត​ថា​៖ «​នាយកដ្ឋាន​នឹង​ដាក់​ពង្រាយ​មន្ត្រី​នៅ​គ្រប់​ច្រក​ព្រំដែន​ទាំង​ផ្លូវគោក សមុទ្រ និង​ផ្លូវអាកាស ដើម្បី​ការពារ​កុំ​ឱ្យជ្រូក​ខុសច្បាប់​អាច​ឆ្លងកាត់​បាន»​ ខណៈក៏នឹងត្រួតពិនិត្យកន្លែងស្តុកទូទាំងប្រទេសផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: