សភាអាមេរិកបានយល់ព្រមផ្តល់ជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែន ៨០០ លានដុល្លារ បន្ថែមទៀតនៅឆ្នាំក្រោយ
- BY
- autoadmin
- December 7, 2022
សមាជិកសភាសហរដ្ឋអាមេរិក បានយល់ព្រមផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមដល់អ៊ុយក្រែនយ៉ាងហោចណាស់ ៨០០ លានដុល្លារនៅឆ្នាំក្រោយ និងគាំទ្រកោះតៃវ៉ាន់ជាមួយនឹងជំនួយរាប់ពាន់លានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នេះបើយោងតាមច្បាប់គោលនយោបាយការពារជាតិ $៨៥៨ ពាន់លានដុល្លារ ដែលបានបង្ហាញកាលពីថ្ងៃអង្គារ។ ជម្រាបដែរថា ច្បាប់សារពើពន្ធឆ្នាំ២០២៣ សម្រាប់ការការពារជាតិ ឬ NDAA បានផ្តល់សិទ្ធិដល់ការចំណាយបន្ថែមសម្រាប់ជំនួយសន្តិសុខនៅអ៊ុយក្រែន ដែលនេះជាការកើនឡើង ៥០០ លានដុល្លារ លើសំណើរបស់ប្រធានាធិបតី ចូ បៃដិន កាលពីដើមឆ្នាំ។

វិក័យប័ត្រនេះក៏ពង្រឹងដល់ Pacific Deterrence Initiative ជាមួយនឹងការវិនិយោគថ្មីចំនួន ១១.៥ ពាន់លានដុល្លារ ហើយវាក៏ផ្តល់សិទ្ធិដល់ច្បាប់ស្តីពីការពង្រឹងភាពធន់របស់តៃវ៉ាន់ឆ្នាំ២០២២ ដែលជាច្បាប់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយតៃវ៉ាន់ ជាមួយនឹងការចំណាយរហូតដល់ ១០ ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំ។ កំណែសម្របសម្រួលនៃ NDAA ដែលជាគោលនយោបាយកំណត់វិក្កយបត្រដែលត្រូវតែឆ្លងកាត់មន្ទីរបញ្ចកោណ គឺជាលទ្ធផលនៃការចរចាជាច្រើនខែរវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត។
វិក័យប័ត្រទាំងមូលអនុញ្ញាតឱ្យចំណាយលើវិស័យការពារជាតិចំនួន ៤៥ ពាន់លានដុល្លារ ច្រើនជាងលោក បៃដិន បានស្នើសុំ ខណៈដែលអ្នកចរចាសភាបានព្យាយាមដោះស្រាយផលប៉ះពាល់នៃអតិផរណាពិភពលោក និងផ្តល់ជំនួយសន្តិសុខបន្ថែមសម្រាប់អ៊ុយក្រែនជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






