ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីប៉េរូ Pedro Castillo ត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីតំណែង នៅក្នុងនីតិវិធីចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ

    BY autoadmin December 8, 2022
    ប្រធានាធិបតីប៉េរូ Pedro Castillo ត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីតំណែង នៅក្នុងនីតិវិធីចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ

    សភារបស់ប្រទេសប៉េរូបានបោះឆ្នោតកាលពីថ្ងៃពុធ ដើម្បីបណ្តេញប្រធានាធិបតី Pedro Castillo ចេញពីតំណែង នៅក្នុងសវនាការមួយ លើការចោទប្រកាន់ពីបទពុករលួយ។ លោក Castillo ដែលជាអ្នកឆ្វេងនិយម និងជាអតីតគ្រូបង្រៀនរូបនេះ បានធ្វើការទម្លាក់លោកស្រី Keiko Fujimori ដែលជាកូនស្រីរបស់អតីតប្រធានាធិបតី Alberto Fujimori នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែមិថុនាឆ្នាំមុន។ ប៉ុន្តែ​ការ​គ្រប់​គ្រង​របស់​លោក​ Castillo មិន​មាន​ស្ថិរភាព​តាំង​ពី​ដើម​មក ខណៈត្រូវប្រឈមនឹងសំឡេងប្រឆាំងជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ដោយសារវាផ្ទុយពីរដ្ឋធម្មនុញ្ញ។

    កាល​ពី​ថ្ងៃ​ពុធ លោក Castillo បាន​ប្រកាស​ភ្លាមៗ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា លោក​កំពុងធ្វើការ​រំលាយ​សភា ដំឡើង​រដ្ឋាភិបាល​គ្រាអាសន្ន និង​ដាក់​បម្រាម​គោចរ​ពេល​យប់។ ក្រុមអ្នកសង្កេតការណ៍ជឿថា សកម្មភាពនេះគឺជាការឆ្លើយតបទៅនឹងនីតិវិធីចោទប្រកាន់របស់សភា ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសភានៅថ្ងៃដដែលនោះ។ ប៉ុន្តែ​សមាជិក​សភា​បាន​បន្ត​ការ​កាត់ក្តី ហើយ​ជាង​ ២ ​ភាគ​ ៣ ​នៃ​ពួកគេ ​បាន​បោះឆ្នោត​ដក​លោក​ចេញពី​តំណែង។ ឥឡូវនេះ អនុប្រធានាធិបតីលោកស្រី Dina Boluarte បានស្បថចូលកាន់តំណែងជំនួសលោក Castillo ។ អាជ្ញាធរស៊ើបអង្កេតបាននិយាយថា ការប៉ុនប៉ងរបស់លោក Castillo ដើម្បីរំលាយសភា គឺមិនស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ។ សារព័ត៌មានក្នុងស្រុករាយការណ៍ថា លោក Castillo ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនរួចហើយដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: