ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ត្រូវបានទស្សនាវដ្តី Time ដាក់នាមជា «បុគ្គលឆ្នើមប្រចាំឆ្នាំ២០២២»
- BY
- autoadmin
- December 8, 2022
ទស្សនាវដ្ដី Time បានដាក់នាមប្រធានាធិបតី Volodymyr Zelensky «ជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២២» សម្រាប់ការការពារប្រទេសប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ជម្រាបដែរថា ពានរង្វាន់នេះគឺតែងតែផ្ដល់ឱ្យលើបុគ្គល ឬអង្គភាព ដែលទស្សនាវដ្ដីព័ត៌មានអាមេរិកមួយនេះ ចាត់ទុកថាមានឥទ្ធិពលខ្លាំងបំផុតលើព្រឹត្តិការណ៍ពិភពលោកក្នុងរយៈពេល ១២ ខែកន្លងមក។ Time បានសរសេរថា៖«គោលដៅរបស់រុស្ស៊ីនៅពេលចាប់ផ្តើមការលុកលុយគឺដើម្បីសម្លាប់ ឬចាប់យកលោក Zelensky និងកាត់ផ្តាច់រដ្ឋាភិបាលរបស់គាត់»។

អ្នកនិពន្ធរបស់ Time គឺលោក Edward Felsenthal បាននិយាយថា ទោះបីជាស្ថានភាពបែបណាក៏ដោយ លោក Zelensky បានធ្វើការសម្រេចចិត្តមិនរត់ចេញពីទីក្រុងគៀវឡើយ ហើយជំនួសវិញដោយស្នាក់នៅ និងប្រមូលផ្តុំការគាំទ្រ នៅក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ពីគ្រាប់បែករុស្ស៊ីបានចាប់ផ្តើមធ្លាក់ចុះនៅថ្ងៃទី២៤ ខែកុម្ភៈ។ លោកបានបន្ថែមថា ការអំពាវនាវប្រមូលផ្តុំរបស់លោក Zelensky បាននាំមកនូវជំនួយផ្នែកយោធា និងមនុស្សធម៌រាប់ពាន់លានដុល្លារពីប្រទេសជាច្រើន ដែលបានជួយអ៊ុយក្រែនក្នុងការទប់ទល់នឹងកម្លាំងរបស់កងទ័ពរុស្ស៊ី។
Felsenthal បានកត់សម្គាល់ថា ការឈ្លានពាននេះត្រូវបានថ្កោលទោសដោយប្រទេសចំនួន ១៤១ នៅអង្គការសហប្រជាជាតិ ដោយមានតែប្រទេសកូរ៉េខាងជើង ស៊ីរី អេរីទ្រា និងបេឡារុស្សប៉ុណ្ណោះ ដែលបោះឆ្នោតនៅជាមួយរុស្ស៊ី។ លោកបានមានប្រសាសន៍ថា៖«ជម្រើសឆ្នាំនេះ គឺជាការចងចាំដ៏សំខាន់បំផុត»។ លោកថា៖«មិនថាការតស៊ូប្រយុទ្ធដើម្បីអ៊ុយក្រែន នាំឱ្យមានទាំងក្តីសង្ឃឹម ឬការភ័យខ្លាចនោះទេ គឺលោក Zelensky បានធ្វើឱ្យពិភពលោកនៅក្នុងរបៀបមួយដែលយើងមិនធ្លាប់ឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ»។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរដល់ស្មារតីរបស់បុគ្គលអ៊ុយក្រែនទាំងក្នុង និងក្រៅប្រទេស ដែលបានតស៊ូដើម្បីមាតុភូមិរបស់ពួកគេនៅពីក្រៅសមរភូមិ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






