អន្តរជាតិ

ស៊ូដង់ខាងត្បូងបានប្រកាសពីការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ក្រោយមានការកើនឡើងការឆ្លងជាបន្ដបន្ទាប់

BY
autoadmin
December 12, 2022

ស៊ូដង់ខាងត្បូងកាលពីថ្ងៃអាទិត្យបានប្រកាសពីការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល បន្ទាប់ពីការកើនឡើងជាបន្តបន្ទាប់នៃចំនួនករណីដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល ៣៨ សប្តាហ៍ចុងក្រោយនេះ។ លោក John Rumunu អគ្គនាយកនៃសេវាសុខភាពបង្ការនៅក្នុងក្រសួងសុខាភិបាលបាននិយាយថា ការស្លាប់ចំនួន ៣១នាក់ និងករណីជំងឺកញ្ជ្រឹលចំនួន ២,៤៧១ ករណី ត្រូវបានរាយការណ៍នៅក្នុងស្រុកចំនួន ២២ នៅទូទាំងប្រទេស។ លោក Rumunu បានប្រាប់អ្នកសារព័ត៌មាននៅរដ្ឋធានី Juba ថា៖«ផ្អែកលើចំនួនករណីជំងឺកញ្ជ្រឹលដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍នៅទូទាំងប្រទេស ក្រសួងសុខាភិបាលជាតិសូមប្រកាសពីការផ្ទុះជំងឺកញ្ជ្រឹលនៅក្នុងប្រទេសស៊ូដង់ខាងត្បូង»។

លោកបាននិយាយថា ប្រទេសស៊ូដង់ខាងត្បូងបានឃើញការផ្ទុះជំងឺកញ្ជ្រឹលម្តងហើយម្តងទៀតចាប់តាំងពីឆ្នាំ២០២១ ដោយសារតែសេវាចាក់ថ្នាំបង្ការជាប្រចាំត្រូវបានរំខាន និងការអនុវត្តមិនគ្រប់គ្រាន់នៃសកម្មភាពចាក់ថ្នាំបង្ការបន្ថែមទៀត។ លោកបានមានប្រសាសន៍ថា «យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹលថ្នាក់ជាតិចុងក្រោយត្រូវបានធ្វើឡើងក្នុងឆ្នាំ២០២០ ជាមួយនឹងការចាក់វ៉ាក់សាំងតិចជាង ៨៥% ដែលទាបជាងគោលដៅដែលបានណែនាំ ៩៥%»។ លោក Rumunu បាននិយាយថា ពួកគេនឹងធ្វើការស៊ើបអង្កេតរោគរាតត្បាតនេះភ្លាមៗ ដើម្បីកំណត់ពីវិសាលភាពនៃការចម្លងជំងឺ ពង្រឹងសេវាចាក់ថ្នាំបង្ការជាប្រចាំនៅទូទាំងប្រទេស ធ្វើយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹល និងគ្រប់គ្រងផលវិបាកដែលកើតចេញពីជំងឺនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: