ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ហ្សេលិនស្គី បាននិយាយទូរស័ព្ទជាមួយលោក បៃដិន និងបានអរគុណចំពោះសហរដ្ឋអាមេរិក ដែលតែងតែផ្ដល់ជំនួយដល់អ៊ុយក្រែន

    BY autoadmin December 12, 2022
    លោក ហ្សេលិនស្គី បាននិយាយទូរស័ព្ទជាមួយលោក បៃដិន និងបានអរគុណចំពោះសហរដ្ឋអាមេរិក ដែលតែងតែផ្ដល់ជំនួយដល់អ៊ុយក្រែន

    ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលិនស្គី បាននិយាយថា លោកបានជួបនិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក គឺលោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ហើយបានថ្លែងអំណរគុណចំពោះជំនួយ «ដែលមិនធ្លាប់មានពីមុនមក» ដែលទីក្រុងវ៉ាស៊ីនតោន តែងតែបានផ្តល់ដល់អ៊ុយក្រែន ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ។ យោងតាមកម្មវិធីផ្ញើសារ Telegram ផ្លូវការរបស់គាត់បានឱ្យដឹងថា លោក ហ្សេលិនស្គី បាននិយាយថា៖«ខ្ញុំអរគុណចំពោះជំនួយផ្នែកការពារជាតិ និងហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក ដែលសហរដ្ឋអាមេរិកផ្តល់ដល់អ៊ុយក្រែន»។

    លោកបានបន្ថែមថា៖«នេះមិនត្រឹមតែរួមចំណែកដល់ភាពជោគជ័យនៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ស្ថិរភាពនៃសេដ្ឋកិច្ចអ៊ុយក្រែនផងដែរ។ យើងក៏សូមកោតសរសើរចំពោះជំនួយដែលសហរដ្ឋអាមេរិកកំពុងផ្តល់ ដើម្បីស្តារប្រព័ន្ធថាមពលរបស់អ៊ុយក្រែន»។ ជម្រាបដែរថា បណ្តាញអគ្គិសនីរបស់អ៊ុយក្រែនត្រូវបានវាយលុកចាប់តាំងពីខែតុលា ដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាបន្តបន្ទាប់ ដែលជួនកាលកាត់ផ្តាច់ចរន្តអគ្គិសនីរបស់ពលរដ្ឋរាប់លាននាក់ក្នុងអំឡុងពេលរដូវរងារនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: