សមាគមដឹកជញ្ជូនផ្លូវគោកថៃមានផែនការផ្លាស់ប្ដូររថយន្តម៉ាស៊ូតទាំង ៤០០,០០០ គ្រឿងរបស់ខ្លួន ដើម្បីងាកទៅប្រើប្រាស់រថយន្តអគ្គិសនីវិញ
- BY
- autoadmin
- December 12, 2022
សមាគមដឹកជញ្ជូនផ្លូវគោករបស់ថៃបានឱ្យដឹងថា ឧស្សាហកម្មដឹកជញ្ជូនរបស់ប្រទេសថៃកំពុងនឹងសម្រេចចិត្តថា តើពួកគេគួរប្តូររថយន្តដឹកជញ្ជូន ដែលប្រើប្រេងម៉ាស៊ូតទាំង ៤០០,០០០ គ្រឿង ទៅជារថយន្តអគ្គិសនី (Electric vehicle) នៅខែមេសាឆ្នាំក្រោយ ឬយ៉ាងណា។ ប្រធានសមាគមលោក Apichart Prairungruang បាននិយាយថា ផែនការនេះបានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលថៃបានចេញវិធានការគាំទ្រសម្រាប់រថយន្តអគ្គីសនី។ លោកថា សមាគមនឹងសាកល្បងរថយន្ត EV ដើម្បីសុវត្ថិភាព ដើម្បីដោះស្រាយកង្វល់ជុំវិញការផ្ទុះអាគុយជាដើម។

ការធ្វើតេស្តនឹងផ្តោតលើការថែទាំ សេវាកម្មក្រោយពេលលក់ និងថាតើផ្លូវមានស្ថានីយសាកអាគុយគ្រប់គ្រាន់ សម្រាប់បំពេញដល់តម្រូវការរថយន្ត EV ដែលកំពុងរត់នៅលើផ្លូវបើកបរ ឬទេ។ វាក៏នឹងប្រៀបធៀបសមត្ថភាពរបស់រថយន្តអគ្គិសនី និងម៉ាស៊ូតផងដែរ ព្រោះរថយន្ត EV ថ្មី នឹងត្រូវប្រើសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយពី ៣០០ ទៅ ៥០០ គីឡូម៉ែត្រ។ លោក Apichart បានបន្ថែមថា វាគួរតែចំណាយពេលមិនលើសពី ១ ម៉ោង ៣០ នាទី ដើម្បីសាករថយន្ត EV ឱ្យពេញនោះទេ។ ទោះជាយ៉ាងណាក៏ដោយ គាត់មានការព្រួយបារម្ភអំពីអាយុកាលអាគុយរបស់រថយន្ត EV ដែលមានប្រហែល ៦ឆ្នាំ បើធៀបនឹង ៧-១០ ឆ្នាំសម្រាប់រថយន្តម៉ាស៊ូត។
លោកបានបន្តថា អាគុយក៏បានធ្វើឱ្យរថយន្តដឹកជញ្ជូនអគ្គិសនីមានតម្លៃថ្លៃផងដែរ ក្នុងតម្លៃប្រហែល ៥-៦ លានបាត (១៤ ទៅ ១៦ ម៉ឺនដុល្លារ) ក្នុងមួយគ្រឿង បើធៀបនឹង ២.៨ លានប៉ុណ្ណោះ សម្រាប់រថយន្តម៉ាស៊ូត។ ប៉ុន្តែលោកបានកត់សម្គាល់ថា រថយន្តដឹកជញ្ជូនអគ្គិសនីចំណាយតិចក្នុងការដំណើរការក្នុងរយៈពេលវែង។ លោកបាននិយាយថា សមាគមដែលគ្របដណ្តប់ក្រុមហ៊ុនដែលប្រតិបត្តិការឡានដឹកទំនិញប្រហែល ៤០០,០០០ គ្រឿងមួយនេះ ចាប់អារម្មណ៍លើរថយន្ត EV ជាមធ្យោបាយនៃការសន្សំថ្លៃដឹកជញ្ជូន និងការពារបរិស្ថាន៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






