អន្តរជាតិ

ចំនួនករណីជំងឺកូវីដ១៩ ផ្លូវការរបស់ចិនមានការថយចុះ ប៉ុន្តែគេជឿថា ចំនួនពិតប្រាកដអាចមានច្រើនជាងនេះ

BY
autoadmin
December 13, 2022

ចិន៖ ចំនួនករណីជំងឺ COVID-19 ផ្លូវការរបស់ប្រទេសចិនបានធ្លាក់ចុះ ប៉ុន្តែចំនួនពិតប្រាកដត្រូវបានគេជឿថា អាចមានច្រើនជាងនេះ បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយគោលនយោបាយ Zero-COVID របស់ខ្លួន។ រដ្ឋាភិបាល​ចិន​និយាយ​ថា ករណី​ថ្មី​ជាង ៨ ០០០ ត្រូវ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ ហើយតួលេខប្រចាំថ្ងៃបានធ្លាក់ចុះដល់ប្រហែល ១ ភាគ ៥ ធៀបនឹងការឆ្លងដល់កម្រិតកំពូលនៅចុងខែវិច្ឆិកា។ ប៉ុន្តែចំនួនករណីនេះត្រូវបានគេជឿថាបានធ្លាក់ចុះ ដោយសារតែមានមនុស្សតិចជាងមុនកំពុងធ្វើតេស្ត PCR បន្ទាប់ពីអាជ្ញាធរបានបញ្ឈប់ការស្នើសុំឱ្យមនុស្សបង្ហាញលទ្ធផលតេស្តអវិជ្ជមាននៅកន្លែងសាធារណៈជាច្រើន។

ជាមួយគ្នានេះ អ្នកដែលធ្វើតេស្តវិជ្ជមាន ជារឿយៗមិនរាយការណ៍វាទៅអាជ្ញាធរទេ ដោយសាររដ្ឋាភិបាលបានបញ្ឈប់ការដាក់ឱ្យនៅដាច់ពីគេលើអ្នកឆ្លងទាំងអស់ ហើយបានចាប់ផ្តើមអនុញ្ញាតឱ្យអ្នកជំងឺដែលគ្មានរោគសញ្ញា ឬស្រាល ឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះ។ ដូច្នេះហើយការវិវឌ្ឍន៍ទាំងនេះបានធ្វើឱ្យមានការលំបាកក្នុងការចាប់យកចំនួនករណីជាក់ស្តែង។ នៅកណ្តាលទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ អ្នកថ្មើរជើង និងយានជំនិះតិចតួចត្រូវបានគេឃើញនៅតាមដងផ្លូវ ខណៈដែលមនុស្សនៅតែមិនព្រមចេញទៅក្រៅ ដើម្បីចៀសវាងការឆ្លង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: