សហរដ្ឋអាមេរិកបានប្រកាសគម្រោងផ្តល់ជំនួយ ៥៥ ពាន់លានដុល្លារ ដល់ទ្វីបអាហ្វ្រិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខ
- BY
- autoadmin
- December 13, 2022
សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនមានគម្រោងផ្តល់ជំនួយចំនួន ៥៥ ពាន់លានដុល្លារ ដល់តំបន់អាហ្វ្រិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃចន្ទ ខណៈប្រធានាធិបតីលោក ចូ បៃដិន កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក-អាហ្រ្វិកនៅទីក្រុងវ៉ាស៊ីនតោន ដែលនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ។ មេដឹកនាំមកពីប្រទេសអាហ្វ្រិកប្រហែល ៥០ កំពុងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលមានរយៈពេល ៣ ថ្ងៃមួយនេះ។ សហភាពអាហ្រ្វិកមានបំណងចង់ចូលរួមជាមួយក្រុមសេដ្ឋកិច្ចទាំង ២០ (G20) ខណៈលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសពីការគាំទ្ររបស់លោកចំពោះបំណងនោះ។

នេះជាលើកទី១ ក្នុងរយៈពេល ៨ឆ្នាំ ដែលសហរដ្ឋអាមេរិកបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាហ្វ្រិក។ ពោលគឺលោក បារ៉ាក់ អូបាម៉ា គឺជាប្រធានាធិបតីចុងក្រោយបង្អស់ ដែលបានបើកកិច្ចប្រជុំកំពូលជាមួយមេដឹកនាំតំបន់អាហ្វ្រិក។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកកំពុងព្យាយាមចង់ប្រកួតប្រជែងជាមួយចិន និងរុស្ស៊ី ដោយសារប្រទេសទាំង ២ បាននិងកំពុងបង្កើនឥទ្ធិពលរបស់ពួកគេនៅក្នុងទ្វីបអាហ្វ្រិក។ ពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកកាលពីឆ្នាំមុន មានចំនួនជាង ២៥០ ពាន់លានដុល្លារ ដែលស្មើនឹងប្រហែល ៤ដង ច្រើនជាងសហរដ្ឋអាមេរិក។ ចំណែករុស្ស៊ីក៏បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសអាហ្វ្រិក ដោយការផ្តល់ជំនួយយោធាជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






