អន្តរជាតិ

នាយករដ្ឋមន្ត្រីនូវែលសេឡង់បានធ្វើការសុំទោស ចំពោះការធ្លោយមាត់ហៅមេបក្សប្រឆាំងថា «មនុស្សក្រអឺតក្រទម»

BY
autoadmin
December 13, 2022

នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានសុំទោសចំពោះការធ្លោយមាត់ហៅគូប្រជែងនយោបាយគាត់ថាជា «មនុស្សក្រអឺតក្រទម» ក្នុងន័យអសុរស (arrogant pr**k) នៅក្នុងសភាកាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ នេះផ្ទាល់ ខណៈដែលគាត់ប្រឈមមុខនឹងការធ្លាក់ចុះការគាំទ្រសាធារណៈយ៉ាងគំហុក។ នៅក្នុង​ការ​ជជែក​ដេញដោល​ក្នុង​សភា​ លោកស្រី Ardern ត្រូវបានមេដឹកនាំ​គណបក្ស​ប្រឆាំង​ ​សុំ​ឱ្យ​លោកស្រី​លើកយក​ឧទាហរណ៍​​ នៅពេល​ដែល​លោកស្រី​បាន​ធ្វើ​ខុស ធ្វើការសុំ​ទោស និង​កែតម្រូវវាវិញ។

លោកស្រី Ardern បានផ្តល់ការឆ្លើយតបយ៉ាងហូរហែ និងលម្អិតបំផុត បន្ទាប់មកនៅពេលគាត់អង្គុយចុះ គាត់ក៏លួចនិយាយថា ពិតជាមនុស្សក្រអឺតក្រទមមែន (such an arrogant pr**k) ប៉ុន្តែសំឡេងរបស់គាត់ក៏បានបន្លឺឡើងតាមមីក្រូហ្វូនរបស់សភា។ លោក David Seymour មេដឹកនាំគណបក្ស ACT ក៏បានជំទាស់នឹងការកត់សម្គាល់នោះ ហើយបានដាក់ញត្តិទៅប្រធានសភាតំណាងរាស្ត្រ ឱ្យលោកស្រីដកសម្ដី និងធ្វើការសុំទោស។ ការិយាល័យរបស់លោកស្រី Ardern ក្រោយមកបាននិយាយថា គាត់បានសុំទោសចំពោះកំហុសនេះ។

ជម្រាបដែរថា នាយករដ្ឋមន្ត្រីវ័យ ៤២ ឆ្នាំរូបនេះ បានកាន់តំណែងអស់រយៈពេល ៥ ឆ្នាំមកហើយ និងបានទទួលការពេញចិត្តពេញថ្លើមនៅទូទាំងពិភពលោក សម្រាប់ការគ្រប់គ្រងវិបត្តិ និងវិធីសាស្រ្តគ្រប់គ្រងនយោបាយរបស់គាត់។ លោកស្រីគឺជានាយករដ្ឋមន្ត្រីដំបូងគេបង្អស់ ដែលបានក្លាយជាម្តាយនៅពេលកាន់តំណែង ហើយទទួលបានសំឡេងគាំទ្រក្នុងសភាច្រើនបំផុត នៅក្នុងអាណត្តិទាំង ២ របស់លោកស្រី៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: