សភាអាមេរិកបានណែនាំសេចក្ដីព្រាងច្បាប់ថ្មីមួយ ដែលនឹងហាមឃាត់ TikTok មិនឱ្យមាននៅសហរដ្ឋអាមេរិក ជុំវិញការភ័យខ្លាចពាក់ព័ន្ធនឹងចារកម្ម
- BY
- autoadmin
- December 14, 2022
សមាជិកមួយក្រុមរបស់សភា និងព្រឹទ្ធសភាអាមេរិក បានណែនាំច្បាប់ព្រាងថ្មីមួយកាលពីថ្ងៃអង្គារ ដែលនឹងហាមឃាត់ TikTok នៅសហរដ្ឋអាមេរិក បន្ទាប់ពីការព្រមានពីនាយក FBI និងអ្នកជំនាញផ្នែកសន្តិសុខអ៊ីនធឺណិត ដែលបាននិយាយថា ប្រទេសចិនអាចប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ សម្រាប់ការធ្វើចារកម្ម។ សមាជិកសភាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សេចក្ដីព្រាងនេះ ការពារជនជាតិអាមេរិកដោយការទប់ស្កាត់ និងហាមឃាត់រាល់ប្រតិបត្តិការពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយនៅក្នុង ឬស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន រុស្សី និងប្រទេសបរទេសនាំហានិភ័យមួយចំនួនទៀត។

ច្បាប់នេះត្រូវបានគាំទ្រដោយសមាជិកព្រឹទ្ធសភាលោក Marco Rubio ជាមួយនឹងវិធានការមួយ ដែលត្រូវបានណែនាំនៅក្នុងសភា ដោយសមាជិកបក្សសាធារណរដ្ឋលោក Mike Gallagher និងលោក Raja Krishnamoorthi។ សមាជិកសភាបាននិយាយថា វាមានគោលបំណងការពារជនជាតិអាមេរិកពីសត្រូវបរទេស ដែលអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ដើម្បីតាមដានជនជាតិអាមេរិក ស្វែងយល់ពីទិន្នន័យរសើបអំពីពួកគេ និងផ្សព្វផ្សាយយុទ្ធនាការ ឬការឃោសនាណាមួយ។
នៅក្រោមវិធានការនេះ លោកប្រធានាធិបតីអាចដាក់ទណ្ឌកម្មលើ TikTok និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដើម្បីទប់ស្កាត់ប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ ដោយសារសម័យប្រជុំពេញអង្គនឹងមកដល់ក្នុងរយៈពេលពីរបីថ្ងៃទៀត សេចក្ដីព្រាងនេះទំនងជាមិនទាន់អាចពិចារណានៅក្នុងសភាទាំង ២ បាននោះទេ។ ប៉ុន្តែវាអាចត្រូវបានណែនាំឡើងវិញនៅឆ្នាំក្រោយ នៅពេលដែលការមានការរំពឹងថា អាចទទួលការគាំទ្រខ្ពស់ក្រោមសម្លេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋ៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget
- Share This Post:






