អន្តរជាតិ

លោក ចូ បៃដិន បានចុះ​ហត្ថលេខា​លើច្បាប់ថ្មីមួយ ដែល​ការពារ​ការ​រៀបការ​របស់​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា

BY
autoadmin
December 14, 2022

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ទើបតែបានចុះហត្ថលេខាលើច្បាប់ផ្តល់ការការពារសហព័ន្ធ ចំពោះអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា កាលពីថ្ងៃអង្គារនេះ។ លោក បៃដិន បាននិយាយនៅក្នុងពិធីមួយនៅសេតវិមាន ដើម្បីកត់សម្គាល់ការចុះហត្ថលេខានេះថា «ជាការបោះជំហានសំខាន់មួយឆ្ពោះទៅរកសមភាព ដើម្បីសេរីភាព និងយុត្តិធម៌ – មិនមែនសម្រាប់មនុស្សមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សគ្រប់គ្នា»។ ច្បាប់​នេះ​បាន​អនុម័ត​ដោយ​មាន​ការ​គាំទ្រ​ទ្វេភាគី​ ទាំង​ក្នុង​សភា និង​ព្រឹទ្ធសភា។

ការពិតទៅ សេចក្តីសម្រេចរបស់តុលាការកំពូលក្នុងឆ្នាំ២០១៥ ស្ទើរតែធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នា ស្របច្បាប់នៅក្នុងរដ្ឋទាំង ៥០ របស់អាមេរិកទៅហើយ។ ប៉ុន្តែវានៅតែមានការ​ភ័យ​ខ្លាច​ថា តុលាការ​កំពូលអាច​បដិសេធ​ការ​សម្រេច​ចិត្តនេះ ដោយសារតែនៅដើមឆ្នាំនេះ តុលាការកំពូលដែលប្រកាន់និន្នាការអភិរក្សនិយម ធ្លាប់បានបដិសេធការសម្រេចចិត្តមួយ ដែលផ្តល់ឱ្យស្ត្រីនូវសិទ្ធិតាមរដ្ឋធម្មនុញ្ញក្នុងការរំលូតកូន ទាំងដែលការសម្រេចចិត្តនោះមានឡើងរយៈពេល ៥០ ឆ្នាំមកហើយ។ ច្បាប់ថ្មីនេះតម្រូវឱ្យរដ្ឋទទួលស្គាល់អាពាហ៍ពិពាហ៍ស្របច្បាប់ទាំងអស់ ដែលនេះមានន័យថា សិទ្ធិរបស់ប្តីប្រពន្ធមួយគូត្រូវបានធានា ទោះបីជាពួកគេត្រូវផ្លាស់ទៅរដ្ឋ ដែលអាពាហ៍ពិពាហ៍ភេទដូចគ្នាគឺខុសច្បាប់ក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ CNBC

Share This Post: