អាកាសចរណ៍ជាតិម៉ារ៉ុកត្រូវលុបចោលជើងហោះហើរទាំងអស់វិញ ដោយសារភាគីប្រទេសកាតាមិនអនុញ្ញាត
- BY
- autoadmin
- December 14, 2022
ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសម៉ារ៉ុកបាននិយាយថា ខ្លួនកំពុងលុបចោលជើងហោះហើរទាំងអស់ ដែលខ្លួនបានគ្រោងទុក ដើម្បីដឹកអ្នកគាំទ្រទៅកាន់ទីក្រុងដូហា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ក៏ព្រោះតែមានការជំទាស់ពីអាជ្ញាធរកាតា។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖«បន្ទាប់ពីមានការរឹតបន្តឹងចុងក្រោយបង្អស់ ដែលដាក់ដោយអាជ្ញាធរកាតារ ក្រុមហ៊ុន Royal Air Maroc មានការសោកស្តាយក្នុងការជូនដំណឹងដល់អតិថិជន អំពីការលុបចោលជើងហោះហើររបស់ពួកគេ ដែលដំណើរការដោយ Qatar Airways»។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរបស់រដ្ឋាភិបាលកាតា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ក្រុមហ៊ុន Royal Air Maroc ធ្លាប់បាននិយាយថា ក្រុមហ៊ុននឹងដាក់ជើងហោះហើរចំនួន ៣០ បន្ថែមទៀត ដើម្បីជូនអ្នកគាំទ្រជម្រើសជាតិម៉ារ៉ុក ទៅកាន់ប្រទេសកាតា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយប្រទេសបារាំង ប៉ុន្តែកាលពីថ្ងៃអង្គារ ប្រភពពីទីភ្នាក់ងារទេសចរណ៍ RAM បាននិយាយថា មានតែជើងហោះហើរចំនួន ១៤ ប៉ុណ្ណោះ ដែលត្រូវបានគ្រោងទុក។ ការលុបចោលជើងហោះហើរចំនួន ៧ ដែលបានគ្រោងទុកសម្រាប់ថ្ងៃពុធ មានន័យថា RAM អាចហោះហើរបានតែ ៧ ជើង ដែលកក់ទុកកាលពីថ្ងៃអង្គារប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកគាំទ្រដែលបានកក់សំបុត្រប្រកួត ឬបន្ទប់សណ្ឋាគារ មិនអាចធ្វើដំណើរបានទៅកាតាបាន។ RAM បាននិយាយថា ខ្លួននឹងសងថ្លៃសំបុត្រយន្តហោះវិញ និងសុំទោសអតិថិជន។ អ្នកនាំពាក្យ RAM មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័រទេ។ ចំណែក Qatar Airways មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់រ៉យទ័រ ដើម្បីសុំការអត្ថាធិប្បាយនោះដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






