ប្រធានអង្គការសុខភាពពិភពលោកសង្ឃឹមថា ជំងឺកូវីដ១៩នឹងលែងជា «គ្រាអាសន្នសកល» នៅឆ្នាំក្រោយ
- BY
- autoadmin
- December 15, 2022
ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា គាត់មានក្តីសង្ឃឹមថាជំងឺរាតត្បាត Covid-19 នឹងមិនត្រូវបានចាត់ទុកថា ជាគ្រាអាសន្នសកលទេនៅឆ្នាំក្រោយនេះ។ ការអត្ថាធិប្បាយរបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ បានកើតឡើងនៅពេលដែលប្រទេសចិនរុះរើគោលនយោបាយ «zero-Covid» ដ៏តឹងរឹងរបស់ខ្លួន និងអនុញ្ញាតឱ្យមនុស្សរស់នៅជាមួយវីរុស ខណៈមានការព្រួយបារម្ភថា ប្រទេសសេដ្ឋកិច្ចលេខ ២ របស់ពិភពលោកមួយនេះ ប្រឈមនឹងការកើនឡើងនៃការឆ្លង។

ស្ថាប័ន WHO ជួបប្រជុំគ្នារៀងរាល់ពីរបីខែម្តង ដើម្បីសម្រេចថាតើជំងឺ Covid-19 ដែលបានផុសឡើងកាលពី ៣ ឆ្នាំមុននៅទីក្រុងវ៉ូហាន របស់ប្រទេសចិន និងបានសម្លាប់មនុស្សជាង ៦.៦ លាននាក់ នៅតែតំណាងឱ្យ គ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC) ឬយ៉ាងណា។ ការកំណត់នេះមានគោលបំណងជំរុញឱ្យមានការឆ្លើយតបជាអន្តរជាតិ ដែលសម្របសម្រួល និងអាចដោះសោការផ្តល់មូលនិធិ ដើម្បីសហការលើការចែករំលែកវ៉ាក់សាំង និងការព្យាបាល។
នៅពេលសួរអំពីលក្ខខណ្ឌដែលត្រូវការ សម្រាប់ការបញ្ចប់ PHEIC អ្នកជំនាញរោគរាតត្បាតជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកស្រី Maria Van Kerkhove បាននិយាយថាយើងនៅ «មានការងារច្រើនទៀតដែលត្រូវធ្វើទៀត»។ នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Mike Ryan ក៏បាននិយាយអំពីបញ្ហាដូចគ្នានេះថា «ប្រសិនបើមានចំនួនប្រជាជនដ៏ច្រើននៅតែមិនទាន់បានចាក់វ៉ាក់សាំង ពិភពលោកនៅតែមានការងារជាច្រើនដែលត្រូវធ្វើ»៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






