អន្តរជាតិ

ក្រុមហ៊ុនតូយ៉ូតាជប៉ុន និងចាប់ដៃគ្នាជាមួយក្រុមហ៊ុន CP Group របស់ថៃ ដើម្បីធ្វើការលើគម្រោងរថយន្តឥន្ធនៈអ៊ីដ្រូសែន

BY
autoadmin
December 15, 2022

ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសជប៉ុន គឺក្រុមហ៊ុន Toyota Motor បាននិយាយថា ខ្លួននឹងធ្វើការជាមួយក្រុមហ៊ុនថៃ ដើម្បីផ្សព្វផ្សាយឥន្ធនៈអ៊ីដ្រូសែន ដែលជាមធ្យោបាយមួយដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន។ ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Charoen Pokphand Group ដែលអាជីវកម្មរបស់ពួកគេរួមមានការលក់រាយ និងការចិញ្ចឹមសត្វ។ ក្រុមហ៊ុនមានគម្រោងផលិតអ៊ីដ្រូសែនពីជីវឧស្ម័ន ដែលបានមកពីកាកសំណល់កសិកម្ម ហើយប្រើប្រាស់វាដើម្បីផ្តល់ថាមពលដល់រថយន្តដឹកជញ្ជូន។

ប្រធានក្រុមហ៊ុន Toyota លោក Toyoda Akio ក៏បានបង្ហើបថា ក្រុមហ៊ុនរបស់លោកកំពុងអភិវឌ្ឍរថយន្តភីកអាប់អគ្គិសនីសម្រាប់ទីផ្សារប្រទេសថៃផងដែរ។

លោក Toyoda បាននិយាយថា៖«មានជម្រើសជាច្រើនសម្រាប់ការអភិវឌ្ឍរថយន្តដែលជួយដល់បរិស្ថាន។ Toyota នឹងបន្តជ្រើសយកជម្រើសទាំងអស់យ៉ាងយកចិត្តទុកដាក់។ យើងក៏ចង់អភិវឌ្ឍបច្ចេកវិទ្យាទំនើប និងក្លាយជាក្រុមហ៊ុនរថយន្តដែលផ្តល់នូវតម្លៃសមរម្យ និងសេរីភាពនៃការធ្វើដំណើរដល់មនុស្សគ្រប់គ្នា»។ ក្រុមហ៊ុនផលិតរថយន្តនេះមានចំណែក ៣០% នៅក្នុងទីផ្សាររថយន្តថ្មីរបស់ប្រទេសថៃ ខណៈប្រទេសថៃគឺជាមូលដ្ឋានផលិតកម្មដ៏ធំបំផុតរបស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែការប្រកួតប្រជែងកាន់តែខ្លាំងឡើង នៅពេលដែលក្រុមហ៊ុនចិនកំពុងដាក់លក់រថយន្ត EV នៅទីនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Nikkei

Share This Post: