អន្តរជាតិ

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក៖ ផលប៉ះពាល់រយៈពេលវែងរបស់ជំងឺកូវីដ១៩ បានប៉ះពាល់ដល់ជីវិតពលរដ្ឋច្រើនជាង ៣,៥០០ នាក់ នៅសហរដ្ឋអាមេរិក

BY
autoadmin
December 15, 2022

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា ជំងឺ COVID-19 រយៈពេលយូរ ឬ ផលប៉ះពាល់រយៈពេលវែង បានចូលរួមចំណែកដល់ការស្លាប់ជាង ៣,៥០០ នាក់ នៅក្នុងសហរដ្ឋអាមេរិក។ រោគសញ្ញានៃជំងឺ COVID-19 រយៈពេលវែង រួមមានដូចជា៖ ដកដង្ហើមខ្លីៗ ឈឺពោះ ភ្លេចភ្លាំង និងអស់កម្លាំងខ្លាំង ដែលនៅតែបន្តកើតមានជាច្រើនខែចំពោះមនុស្សមួយចំនួន។ របាយការណ៍របស់ CDC ដែលចេញផ្សាយកាលពីថ្ងៃពុធ គឺផ្អែកលើការវិភាគមូលហេតុនៃការស្លាប់ចំនួន ១.០២ លាននាក់ ដែលបានកើតឡើងចាប់ពីខែមករា ឆ្នាំ២០២០ ដល់ចុងខែមិថុនា ឆ្នាំ២០២២ នៅពេលដែលជំងឺ COVID-19 គឺជាមូលហេតុចម្បង ឬរួមចំណែកនៃការស្លាប់នោះ។


ពួកគេបានកំណត់ថា អ្នកស្លាប់ចំនួន ៣,៥៤៤ នាក់ ឬ ០.៣ ភាគរយនៃចំនួនសរុប បានស្លាប់ដោយសារជំងឺ COVID-19 រយៈពេលយូរ ឬពាក្យផ្សេងទៀត ដែលពាក់ព័ន្ធនឹងរោគសញ្ញារយៈពេលយូរ។ របាយការណ៍នេះនិយាយថា មនុស្សដែលមានអាយុពី ៦៥ ឆ្នាំឡើងទៅ បានចូលរួមជិត ៨០ ភាគរយ នៃការស្លាប់ពាក់ព័ន្ធនឹងរោគសញ្ញារយៈពេលវែងនេះ។ វានិយាយថា បុរសមានភាគរយច្រើនជាងស្ត្រីបន្តិច ដោយមាន ៥១.៥ ភាគរយ។ អ្នកស្រាវជ្រាវក៏បានរកឃើញថា ចំនួនអ្នកស្លាប់ខ្ពស់បំផុតទាក់ទងនឹងរោគសញ្ញារយៈពេលវែង បានកើតឡើងនៅក្នុងខែកុម្ភៈឆ្នាំនេះ។ CDC និយាយថា ការសិក្សានេះគឺជាការប៉ុនប៉ងលើកដំបូង ដើម្បីកំណត់បរិមាណនៃការស្លាប់របស់ជំងឺ COVID-19 រយៈពេលវែង។ វានិយាយថា ការវិភាគបែបនេះ «ជួយកំណត់បរិមាណជំងឺ COVID-19 ឱ្យបានត្រឹមត្រូវ និងការព្រួយបារម្ភអំពីសុខភាពសាធារណៈដែលកំពុងលេចឡើ»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK , MedicalXpress

Share This Post: