ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់

    BY autoadmin December 15, 2022
    គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់

    ការិយាល័យអាកាសធាតុរបស់តៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះ បន្ទាប់មកក៏មានការរញ្ជួយដីស្រាលៗជាច្រើនដង ដែលអាចដឹងបានដល់ទីក្រុងតៃប៉ិ។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅពាក់កណ្តាលថ្ងៃត្រង់ នៅចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃខោនធី Hualien ក្នុងជម្រៅរាក់ ៦គីឡូម៉ែត្រ។ ប៉ុន្តែទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិកបានរាយការណ៍ថា គឺការរញ្ជួយមានកម្រិត ៥.៩ រ៉ិចទ័រ និងជម្រៅ ១២ គីឡូម៉ែត្រ។ យ៉ាងណា មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ​អំពី​ការ​ខូច​ខាត​ ឬ​អ្នក​រង​របួស​នោះ​ទេ។

    លោក Chen Kuo-chang ប្រធាន​មជ្ឈមណ្ឌល​រញ្ជួយ​ដី​របស់​ការិយាល័យ​អាកាសធាតុ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ «​រញ្ជួយ​ដី​នេះ​អាច​ទទួល​អារម្មណ៍​ដឹងពាសពេញ​កោះ​តៃវ៉ាន់​ ព្រោះ​វា​ចេញពីជម្រៅរាក់​ខ្លាំង​។ រហូតមកដល់ពេលនេះ មានគ្រោះរញ្ជួយដីចំនួន ៨ លើក ហើយយើងរំពឹងថា នឹងមានគ្រោះរញ្ជួយដីបន្ថែមទៀតក្នុងរយៈពេលបីថ្ងៃខាងមុខ»។ អាជ្ញាធររថភ្លើងក្រោមដី និងផ្លូវដែករបស់តៃវ៉ាន់ ក៏បាននិយាយថា រថភ្លើងរត់ក្នុងល្បឿនត្រូវបានកាត់បន្ថយ ប៉ុន្តែសេវាកម្មមិនត្រូវបានបញ្ឈប់ទាំងស្រុងឡើយ។ គួរឱ្យដឹងដែរថា គ្រោះរញ្ជួយដីមួយចំនួនដែលមានកម្រិត ៦.០ ឬច្រើនជាងនេះ អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត ទោះបីជាភាគច្រើនវាអាស្រ័យលើកន្លែងដែលមានការរញ្ជួយ និងនៅជម្រៅប៉ុន្មានក៏ដោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: