វិមានក្រឹមឡាំងនិយាយថា ប្រព័ន្ធប្រឆាំងមីស៊ីល Patriot ដែលសហរដ្ឋអាមេរិកចង់បញ្ជូនទៅឱ្យអ៊ុយក្រែន គឺមានគោលដៅមកលើរុស្ស៊ី
- BY
- autoadmin
- December 15, 2022
វិមានក្រឹមឡាំងបានឱ្យដឹងកាលពីថ្ងៃពុធថា ប្រព័ន្ធការពារមីស៊ីល Patriot របស់សហរដ្ឋអាមេរិក នឹងក្លាយជាគោលដៅស្របច្បាប់ប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិកពិតជាអនុញ្ញាតឱ្យមានការបញ្ជូនប្រព័ន្ធនេះទៅកាន់រដ្ឋធានីគៀវ។ រំលឹកផងដែរថា ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំផែនការចុងក្រោយរបស់ខ្លួន ក្នុងការបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាការសម្រេចចិត្ត ដែលអាចត្រូវបានប្រកាសភ្លាមៗនៅក្នុងសប្តាហ៍នេះផ្ទាល់។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រព័ន្ធ Patriots គឺប្រាកដណាស់ថា ជាគោលដៅមកលើប្រទេសរុស្ស៊ី ប៉ុន្តែគាត់ថា នឹងមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលមិនទាន់មានការបញ្ជាក់ច្បាស់លាស់នោះទេ។

Patriot ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតមួយរបស់សហរដ្ឋអាមេរិក រួមទាំងប្រឆាំងនឹងយន្តហោះ នាវាបំពាក់មីស៊ីល និងមីស៊ីលផ្លោង។ ជាធម្មតា វាមានរួមបញ្ចូលឧបករណ៍បាញ់ រួមជាមួយនឹងរ៉ាដា និងរថយន្តជំនួយផ្សេងទៀត។ ស្ថានទូតរុស្ស៊ីក្នុងទីក្រុងវ៉ាស៊ីនតោន បានបន្ថែមទៀតថា ការបញ្ជូនដែលបានស្នើឡើងនេះ គឺជាការបង្ករឿង ហើយអាចនាំឱ្យមានផលវិបាកដែលមិនអាចទាយទុកជាមុនបាន។ ស្ថានទូតរុស្ស៊ីបាននិយាយនៅក្នុង Telegram របស់ខ្លួនថា៖«ទោះបីជាមិនបានផ្តល់ប្រព័ន្ធ Patriot ក៏ដោយ សហរដ្ឋអាមេរិកកំពុងកាន់តែចូលជ្រៅទៅៗ នៅក្នុងជម្លោះរបស់រុស្ស៊ី-អ៊ុយក្រែន។ សហរដ្ឋអាមេរិកហ្នឹងហើយ គឺជាអ្នកត្រូវទទួលខុសត្រូវចំពោះការអូសបន្លាយ និងការកើនឡើងនៃជម្លោះនៅអ៊ុយក្រែន»៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






