អន្តរជាតិ

សហរដ្ឋអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនបន្ទះឈីប YMTC និងអង្គភាពចិនចំនួន ២១ ផ្សេងទៀត ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន

BY
autoadmin
December 16, 2022

រដ្ឋបាលលោក បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ បានដាក់បញ្ចូលក្រុមហ៊ុនផលិតបន្ទះឈីបចិន Yangtze Memory Technologies Co., Ltd. (YMTC) និងអង្គភាពនៅក្នុងឧស្សាហកម្មបន្ទះឈីប AI ចំនួន ២១ ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដើម្បីពង្រីកការបង្ក្រាបរបស់ខ្លួនលើឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន។ ក្រុមហ៊ុន YMTC ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនេះ ដោយសារការភ័យខ្លាចថា វាអាចបង្វែរបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei និង Hikvision ដែលបានចុះក្នុងបញ្ជីខ្មៅពីមុន។ ការផ្លាស់ប្តូរដែលមានចែងនៅក្នុង Federal Register មួយនេះ នឹងរារាំងអ្នកផ្គត់ផ្គង់របស់ YMTC ពីការដឹកជញ្ជូនទំនិញពីសហរដ្ឋអាមេរិកទៅកាន់ក្រុមហ៊ុនដោយគ្មានអាជ្ញាប័ណ្ណ។

អង្គភាពបន្ទះឈីប AI របស់ចិនចំនួន ២១ ដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដែលរួមមានក្រុមហ៊ុន Cambricon Technologies Corp និង CETC ប្រឈមមុខនឹងការពិន័យកាន់តែតឹងរ៉ឹង ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវការចូលប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ ដែលផលិតនៅគ្រប់ទីកន្លែងក្នុងពិភពលោកជាមួយនឹងឧបករណ៍របស់សហរដ្ឋអាមេរិក។ លោក Thea Kendler បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នៅពេលដែលរដ្ឋាភិបាលចិនស្វែងរកការជ្រៀតចូលក្និងវិស័យយោធា និងផ្នែកស៊ីវិលរបស់ខ្លួន ផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ទាមទារឱ្យយើងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ក្នុងការបដិសេធការចូលទៅកាន់បច្ចេកវិទ្យាទំនើប»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: