កោះតៃវ៉ាន់គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ ដើម្បីទប់ស្កាត់វីដេអូ DeepFake ឬរូបភាពក្លែងក្លាយដែលបំពុលដល់សង្គម
- BY
- autoadmin
- December 16, 2022
តៃវ៉ាន់បានព្រាងធ្វើវិសោធនកម្មច្បាប់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដាក់ទណ្ឌកម្មលើការផ្សព្វផ្សាយវីដេអូ «deepfake» ឬរូបភាពក្លែងក្លាយ ដែលបង្កើតឡើងដោយ AI ។ ការកែប្រែនេះក៏មានគោលបំណងទប់ស្កាត់ការជ្រៀតជ្រែកពីភាគីខាងក្រៅ នៅក្នុងការបោះឆ្នោតរបស់តៃវ៉ាន់ផងដែរ។ វិសោធនកម្មដែលបានស្នើឡើងនេះ នឹងអនុញ្ញាតឱ្យបេក្ខភាពបោះឆ្នោត សួរប្រតិបត្តិករគេហទំព័រ និងអ្នកផ្សេងទៀត ឱ្យកំណត់ការចូលប្រើ ឬលុបវីដេអូ deepfake ប្រសិនបើប៉ូលីសបញ្ជាក់ថា ខ្លឹមសារនោះក្លែងក្លាយ។

ការចែកចាយវីដេអូ deepfake ដើម្បីប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត អាចក្លាយជាបទល្មើសនាំឱ្យមានការដាក់ទោស។ ការកែប្រែនេះក៏រួមបញ្ចូលផងដែរ នូវការហាមប្រាមលើប្រព័ន្ធផ្សព្វផ្សាយ និងអង្គភាពផ្សេងទៀត ដែលដំណើរការការផ្សាយពាណិជ្ជកម្មយុទ្ធនាការដែលផ្តល់មូលនិធិដោយបុគ្គល ឬក្រុមនៅក្រៅប្រទេសនៅខាងក្រៅតៃវ៉ាន់។ ចំណាត់ការនេះកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតៃវ៉ាន់ដែលថា ទីក្រុងប៉េកាំងកំពុងប្រើប្រាស់ព័ត៌មានមិនពិត ដើម្បីរៀបចំមតិសាធារណៈ និងលទ្ធផលបោះឆ្នោត។ ខុទ្ទកាល័យរបស់តៃវ៉ាន់គ្រោងនឹងបញ្ជូនសេចក្តីព្រាងវិសោធនកម្មទៅសភា ហើយមានបំណងអនុម័តវាមុនពេលការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៤៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






