សហភាពអឺរ៉ុបយល់ព្រមផ្តល់ប្រាក់ចំនួន ១៩ ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន សម្រាប់ជាជំនួយផ្នែកហិរញ្ញវត្ថុ
- BY
- autoadmin
- December 16, 2022
មេដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (European Union) បានយល់ព្រមផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុសរុបចំនួន ១៨ ពាន់លានអឺរ៉ូ ឬប្រហែល ១៩ ពាន់លានដុល្លារអាមេរិក ដល់ប្រទេសអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ ពួកគេបានសម្រេចចិត្តបញ្ជូនប្រាក់ទៅឱ្យអ៊ុយក្រែននៅឆ្នាំក្រោយ ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើប្រទេសនេះនៅតែមានជាបន្តបន្ទាប់។ ពួកគេបាននិយាយថា ប្រាក់នេះមានគោលបំណងថែរក្សាសេវាសាធារណៈ និងជួយជួសជុលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលត្រូវបានបំផ្លាញដោយយោធារុស្ស៊ី។

ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំនេះ ក៏បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដោយរួមបញ្ចូលការហាមឃាត់លើការនាំចូលរបស់រុស្ស៊ីជាច្រើន។ បន្ទាប់ពីកិច្ចប្រជុំកំពូលនេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា៖«យើងមានសម្ពាធជាយូរមកហើយ ជាមួយនឹងសង្គ្រាមដ៏សាហាវដែលរុស្ស៊ីកំពុងដឹកនាំប្រឆាំងនឹងអ៊ុយក្រែន ដូច្នេះយើងបានធ្វើសកម្មភាពរួបរួម និងមានល្បឿនលឿនមិនធ្លាប់មានពីមុនមក»។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសលីទុយអានី ដែលបាននិងកំពុងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី បានសម្ដែងការមិនពេញចិត្ត និងរិះគន់ការឆ្លើយតបរបស់ប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនផងដែរ។ លោក Gabrielius Landsbergis បានសរសេរថា៖«ខ្ញុំសោកស្ដាយដែលយើងត្រូវចំណាយពេលច្រើន ដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មតូចតាច ដោយមិនមែនជាការដាក់ទណ្ឌកម្មឱ្យខ្លាំងជាងនេះ»៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






