អន្តរជាតិ

បណ្ដាញ Twitter ត្រូវបាន UN និង EU ធ្វើការថ្កោលទោស ជុំវិញការព្យួរគណនីរបស់អ្នកសារព័ត៌មាន

BY
autoadmin
December 17, 2022

អង្គការសហប្រជាជាតិ UN បានចូលរួមជាមួយសហភាពអឺរ៉ុប EU នៅក្នុងការថ្កោលទោសការសម្រេចចិត្តរបស់ Twitter ក្នុងការព្យួរគណនីរបស់អ្នកកាសែតមួយចំនួន ដែលប្រើប្រាស់បណ្ដាញសង្គមមួយនេះ។ គួរឱ្យដឹងដែរថា អ្នកយកព័ត៌មានរបស់ New York Times, CNN និង Washington Post សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបិទព្យួរគណនី។ អង្គការសហប្រជាជាតិបានបង្ហោះសារថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយមិនមែនជារបស់លេងទេ ខណៈដែលសហភាពអឺរ៉ុប ក៏បានគំរាមដាក់ទណ្ឌកម្មលើ Twitter ផងដែរ។ យ៉ាងណា អ្នកនាំពាក្យរបស់ Twitter បានអះអាងថា ការហាមឃាត់ទាំងនោះ គឺមានពាក់ព័ន្ធនឹងការចែករំលែកទិន្នន័យទីតាំងផ្ទាល់ខ្លួន។

លោកស្រី Melissa Fleming អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកទំនាក់ទំនងពិភពលោកបាននិយាយថា លោកស្រីមានការអាក់អន់យ៉ាងខ្លាំងចំពោះរបាយការណ៍ ដែលអ្នកសារព័ត៌មានកំពុងត្រូវបាន Twitter ព្យួរគណនី «តាមអំពើចិត្ត»។ លោកស្រី​បាន​និយាយ​ថា​៖ «​សេរីភាព​សារព័ត៌មាន​មិន​មែន​ជា​របស់​លេង​ទេ។ សារព័ត៌មានសេរីគឺជាមូលដ្ឋានគ្រឹះនៃសង្គមប្រជាធិបតេយ្យ និងជាឧបករណ៍សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតដែលបង្កគ្រោះថ្នាក់»។ កាលពីព្រឹកថ្ងៃសុក្រ ស្នងការសហភាពអឺរ៉ុបលោកស្រី Vera Jourova ក៏បានគំរាម Twitter ជាមួយនឹងការដាក់ទណ្ឌកម្មក្រោមច្បាប់សេវាកម្មឌីជីថលថ្មីរបស់អឺរ៉ុប ដែលលោកស្រីបាននិយាយថា ជាការទាមទារការគោរពសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិជាមូលដ្ឋាន៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: