សមាជិកម្នាក់ក្នុងចំណោម ១០នាក់ ដែលត្រូវបានគេសង្គ្រោះពីនាវាថៃ HTMS Sukhothai ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត
- BY
- autoadmin
- December 19, 2022
សមាជិកនាវិកម្នាក់របស់នាវា HTMS Sukhothai ដែលបានលិចដោយសារអាកាសធាតុមិនល្អកាលពីយប់ថ្ងៃអាទិត្យ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតបន្ទាប់ពីត្រូវបានជួយសង្គ្រោះ។ ប្រភពបានឱ្យដឹងនៅថ្ងៃចន្ទនេះថា មន្ត្រីកងទ័ពជើងទឹករូបនោះ គឺស្ថិតក្នុងចំណោមមនុស្សចំនួន ១០នាក់ ផ្សេងទៀត ដែលត្រូវបានទាញចេញពីសមុទ្រ ផ្ទេរទៅលើនាវាដឹកប្រេង Pataravarin 88។ គួរឱ្យដឹងដែរថា នាវា HTMS Sukhothai ដែលជានាវាចម្បាំងថ្នាក់រតនៈកូស៊ីន បានលិចនៅក្នុងឈូងសមុទ្រថៃចម្ងាយ ៣២ គីឡូម៉ែត្រពីឆ្នេរសមុទ្រ Prachuap Khiri Khan។ នាវាមានអ្នកដំណើរចំនួន ១០៦នាក់ នៅពេលវាលិច ហើយគិតមកទល់ពេលនេះ មនុស្សចំនួន ២១នាក់ នៅតែបាត់ខ្លួននៅឡើយ។

ជម្រាបដែរថា កងទ័ពជើងទឹកថៃបានដាក់ពង្រាយនាវាចំនួន ៣គឺ HTMS Angthong, Bhumibol Adulyadej និង Kraburi និងឧទ្ធម្ភាគចក្រ ២គ្រឿង សម្រាប់បេសកកម្មស្វែងរក និងជួយសង្គ្រោះ ខណៈក៏មានភ្នាក់ងារផ្សេងទៀត បានឈានជើងចូលជួយផងដែរ។ ប្រភពបានឱ្យដឹងថា នាវា Pataravarin 88 ឥឡូវនេះត្រូវបានចុះចតនៅកោះមួយនៅឆ្នេរសមុទ្រនៃខេត្ត Chumphon ដោយមន្ត្រីកងទ័ពជើងទឹកចំនួន ៩នាក់ ស្ថិតក្នុងស្ថានភាពមិនល្អ។ ប្រភពបាននិយាយថា នាវាមិនអាចត្រឡប់ទៅដីគោកវិញបានទេ ដោយសារខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ ដោយបន្ថែមថា វាក៏ត្រូវការចាក់ប្រេងផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






