ក្មេងអាយុទើប ២២ ខែម្នាក់មានជំងឺគ្រោះក្នុងតម្រង់នោម ព្រោះម្តាយនាងតែឲ្យនាងញ៉ាំថ្នាំកាល់ស្យូមជាប្រចាំ
ចិន៖ ទារិកាទើបតែមានអាយុ ២២ ខែម្នាក់ បានធ្វើឲ្យក្រុមវេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេបានរកឃើញថា នាងមានជំងឺគ្រោះក្នុងតម្រង់នោម។ ករណីដ៏កម្រនេះបានកើតឡើងនៅក្នុងខេត្ត Guangzhou ប្រទេសចិន។ មុនពេលរកឃើញថានាងមានបញ្ហាខាងលើទារិការូបនេះមានបញ្ហាពេលបត់ជើងតូចជាខ្លាំង និងពេលខ្លះបត់ជើងតូចដោយមានលាយឈាមមកជាមួយទៀតផង។ ពេលបញ្ជូននាងទៅដល់មន្ទីរពេទ្យលើកដំបូង ក្រុមវេជ្ជបណ្ឌិតពិតជាមានការងឿងឆ្ងល់ជាខ្លាំង ចំពោះអាការរបស់នាង ព្រោះនាងទើបតែមានអាយុជាងមួយឆ្នាំសោះហេតុអ្វីបានជាមានអាការដូចនេះទៅវិញ។
យ៉ាងណាក្តីក្រោយការពិនិត្យយ៉ាងល្អិតល្អន់ ទើបគេបានរកឃើញថា នៅក្នុងតម្រង់នោមរបស់នាងមានដុំគ្រួសចំនួន ៩ គ្រាប់ ហើយមានដុំខ្លះមានទំហំរហូតដល់ ២ សង់ទីម៉ែត្រឯណោះ។ ក្រោយរកឃើញនេះក្រុមវេជ្ជបណ្ឌិតបានបន្តសាកសួរពីរបៀប ដែលម្តាយចិញ្ចឹមទារិការូបនេះ ហើយម្តាយរបស់នាងក៏បានប្រាប់ថា គាត់តែងទិញថ្នាំគ្រាប់កាល់ស្យូម និងខ្លាញ់ត្រីមកកិនឲ្យម៉ត់បញ្ចូលឲ្យកូនគាត់ញ៉ាំតាំងពីនាងនៅតូចម្លះ ដើម្បីឲ្យនាងឆាប់ធំធាត់។ ក្រុមវេជ្ជបណ្ឌិតបានអះអាងថា ការឲ្យទារកញ៉ាំថ្នាំកាល់ស្យូម និងខ្លាញ់ត្រីនេះហើយ ទើបធ្វើឲ្យនាងមានបញ្ហាសុខភាពដូចនេះ ហើយចុងក្រោយក្រុមវេជ្ជបណ្ឌិតបានផ្ដាំផ្ញើរដល់ម្តាយឪពុកគ្រប់រូបកុំធ្វើតាមម្តាយរបស់ទារិការងគ្រោះនេះឲ្យសោះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz