សង្គម

នៅចាំអ្នកមីងទេ? អ្នកមីងអាយុ៥៦ឆ្នាំ ដែលប្រឡងបាក់ឌុបនៅឆ្នាំនេះ ឥលូវនេះលទ្ធផលប្រឡងរបស់គាត់បានចេញមកហើយ

BY
Khmernote Media
December 23, 2022

អ្នកមីងអាយុ៥៦ឆ្នាំ ឈ្មោះ ហែម ស៊ីណាត មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលខំតស៊ូប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២ ឱ្យបានដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួនដោយចង់ធ្វើជា​គ្រូបង្រៀន​បានប្រាក់យកមកចិញ្ចឹមកូន ៤ នាក់នៅក្នុងបន្ទុក។ ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ គាត់ពុំទទួលបានជោគជ័យឡើយ ពោលគឺប្រឡងធ្លាក់។

យោងតាមលោក ឡាវ តុលា (Lav Tola Serey Sophorn) ដែលធ្លាប់ធ្វើជាអ្នកសង្កេតកាណ៍នៅមណ្ឌលប្រឡងសកលវិទ្យាល័យជាតិមានជ័យ បានសរសេររៀបរាប់ថា៖ «បេក្ខជនអាយុ ៥៦ឆ្នាំ ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមានវ័យចំណាស់ជាងគេទូទាំងប្រទេស អ្នកម្ដាយ ហែម សុីណាត គាត់បានប្រលងធ្លាក់ហើយម៉ែធ្វើមិនបានល្អ តែកូនលើកទឹកចិត្តម៉ែអោយប្រឹងបន្តទៀតណាម៉ែ ម៉ែធ្វើបានល្អបំផុតហើយណាម៉ែ លេខតុ៤៩៤ នៅមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ។ សូមបញ្ជាក់ផងដែលថាខ្ញុំបាន call ទៅអ្នកម្ដាយ ហើយប្រាប់ម្ដាយថា ម៉ែបានប្រលងធ្លាក់ហើយ ម៉ែបាននិយាយថាមិនអីទេកូន ឆ្នាំក្រោយម៉ែដាក់ពាក្យប្រលងទៀត ដើម្បីបំពេញក្ដីស្រម៉ៃរបស់ម៉ែធ្វើជាគ្រូបង្រៀន។

ខ្ញុំសូមកោតសរសើរចំពោះអ្នកម្ដាយដែលអ្នកម្ដាយប្រលងធ្លាក់ហើយនៅតែញញឹមសើចឮសំលេងតាមទូរស័ព្ទបាន ម្ដាយបានប្រលងធ្លាក់ហើយនៅតែតាំងចិត្ដមិនរាថយ នៅក្នុងការតស៊ូ។ អ្វីដែលខ្ញុំបារម្មណ៍បំផុតនោះគឺសុខភាពរបស់គាត់មិនអាចដឹងថាគាត់នៅមានកំលាំងដើរបានល្អប្រសើរឫអត់ទេគាត់ឈឺដៃឈឺជើង ពីមួយឆ្នាំទៅមួយឆ្នាំសុខភាពរបស់គាត់កាន់តែយ៉ាប់យឺនទៅមុខ តែយ៉ាងណាកូនក៏សូមជូនពរម៉ែអោយសម្រេចបំណងម៉ែនៅឆ្នាំក្រោយ ដើម្បីបានធ្វើជាគ្រូបង្រៀនចំណេះទូទៅ»៕

Share This Post: