អន្តរជាតិ

សហរដ្ឋអាមេរិក៖ កូរ៉េខាងជើងបានបញ្ជូនសព្វាវុធទៅជួយដល់កងកម្លាំងរុស្ស៊ី

BY
autoadmin
December 23, 2022

អាមេរិក​បានអះអាងថា ខ្លួន​បាន​បញ្ជាក់​ពី​ការ​សង្ស័យពាក់ព័ន្ធនឹងជំនួយសព្វាវុធ​ទៅឱ្យកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន ដោយបាននិយាយថា ក្រុមហ៊ុន​យោធា​ឯកជន​របស់​រុស្សី «The Wagner Group» បាន​ដឹក​ជញ្ជូន​សព្វាវុធ​ពី​កូរ៉េ​ខាង​ជើង។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា៖«កាលពីខែមុន កូរ៉េខាងជើងបានបញ្ជូនគ្រាប់រ៉ុក្កែត និងមីស៊ីល ទៅរុស្ស៊ីតាមរយៈក្រុមហ៊ុន Wagner។ យើងបានវាយតម្លៃថា បរិមាណសម្ភារៈតាមរយៈក្រុម Wagner នឹងមិនធ្វើឱ្យសមរភូមិនៅអ៊ុយក្រែនផ្លាស់ប្ដូរទេ។ ប៉ុន្តែយើងពិតជាមានការព្រួយបារម្ភ។ កូរ៉េខាងជើង​គ្រោង​នឹង​ផ្តល់​សម្ភារៈ​យោធា​បន្ថែម​ទៀត»។

ជម្រាបដែរថា មន្ត្រីអាមេរិកកំពុងព្រមានក្រុងព្យុងយ៉ាងកុំឱ្យលក់អាវុធបន្ថែមទៀតទៅឱ្យរុស្ស៊ី និងបានចោទកូរ៉េខាងជើងថា បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ពួកគេក៏បានរិះគន់ក្រុម Wagner សម្រាប់តួនាទីរបស់ខ្លួននៅអ៊ុយក្រែន ដោយសារក្រុមហ៊ុនបានដាក់ពង្រាយបុគ្គលិកចំនួន ៥០,០០០ នាក់ ទៅសមរភូមិ រួមមានទាំងអ្នកទោសចំនួន ៤០,០០០ នាក់ មកពីពន្ធនាគាររុស្ស៊ីផងដែរ។

យ៉ាងណាក៏ដោយលោក Yevgeny Prigozhin ដែលជាម្ចាស់ក្រុម Wagner និងមានភាពស្និទ្ធស្នាលជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​អំពី​ការ​ដឹក​ជញ្ជូន​សព្វាវុធ​នេះ។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយថា ក្រសួងការបរទេសកូរ៉េខាងជើងបានហៅការអះអាងនេះថា «គ្មានមូលដ្ឋាន» ហើយ​បាន​ថ្កោលទោស​អាមេរិក ​ដែល​បាន​ផ្តល់​អ្វី​ដែល​ខ្លួន​ហៅថា​អាវុធ​ដ៍សាហាវ​ដល់​អ៊ុយក្រែន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: