អន្តរជាតិ

សភាអាមេរិកបានអនុម័តវិក័យប័ត្រតម្លៃ ១.៧ ទ្រីលានដុល្លារ សម្រាប់ផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធឆ្នាំ២០២៣

BY
autoadmin
December 24, 2022

សភាតំណាងរាស្រ្តអាមេរិក បានអនុម័តវិក័យប័ត្រតម្លៃ ១.៧ ទ្រីលានដុល្លារ ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធ សម្រាប់សារពើពន្ធឆ្នាំ២០២៣ រហូតដល់ខែកញ្ញា។ ច្បាប់​នេះ​បាន​អនុម័ត​សភា​ដោយ​សំឡេង​ភាគច្រើន​កាលពី​ថ្ងៃ​សុក្រ ​បន្ទាប់ពី​ព្រឹទ្ធសភា​បាន​អនុម័ត​កាលពី​ប៉ុន្មានរយៈមុន​។ ឥឡូវនេះ វាទៅដល់ប្រធានាធិបតីលោក ចូ បៃដិន ដើម្បីចុះហត្ថលេខា។ កញ្ចប់​នេះ​ក៏រួម​បញ្ចូល​ថវិកា​ការពារជាតិ​ចំនួន ៨៥៨ ពាន់​លាន​ដុល្លារ និង ៤៥ ពាន់​លាន​ដុល្លារ​ ជា​ជំនួយ​សម្រាប់​អ៊ុយក្រែន។

ច្បាប់នេះក៏ហាមឃាត់ការប្រើប្រាស់ TikTok ដែលជាកម្មវិធីចែករំលែកវីដេអូដែលដំណើរការដោយក្រុមហ៊ុនចិន នៅលើឧបករណ៍របស់រដ្ឋាភិបាល ដោយឆ្លុះបញ្ចាំងពីការព្រួយបារម្ភអំពីការលេចធ្លាយព័ត៌មានទៅកាន់រដ្ឋាភិបាលចិន តាមរយៈវេទិកានេះ។ សេចក្តីព្រាងច្បាប់នេះ ក៏រួមបញ្ចូលផងដែរនូវបទប្បញ្ញត្តិដែលបញ្ជាក់ឱ្យច្បាស់ថា អនុប្រធានាធិបតីមិនមានអំណាច ដើម្បីផ្ដួលរំលំលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឡើយ។ វិធានការ​នេះ​មាន​បំណង​ជួយ​ទប់ស្កាត់​ការ​កើត​ឡើង​វិញ​នៃ​អំពើ​ហិង្សា​ដូចកាល​ពី​ខែ​មករា​ឆ្នាំ​មុន នៅ​ពេល​ដែល​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump វាយ​ប្រហារ​វិមាន​កាពីតូល៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: