ជប៉ុនបង្ហាញនូវកញ្ចប់ថវិកាចំនួន ៨៦៣ ពាន់លានដុល្លារ ដើម្បីជំរុញវិស័យយោធា និងសុខុមាលភាពប្រជាជន
- BY
- autoadmin
- December 24, 2022
ប្រទេសជប៉ុនកាលពីថ្ងៃសុក្រ បានបង្ហាញនូវកញ្ចប់ថវិកាចំនួន ១១៤.៤ ទ្រីលានយ៉េន (៨៦៣ ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់រាប់ចាប់ពីខែមេសា ដែលជាការចំណាយយ៉ាងធំបំផុតមួយ ស្របពេលដែលប្រទេសនេះកំពុងជំរុញវិស័យយោធា និងសន្តិសុខសង្គម។ កញ្ចប់ថវិកា ដែលគាំទ្រដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Fumio Kishida បង្ហាញពីការចំណាយលើផ្នែកយោធា និងសុខុមាលភាពប្រជាជន ខណៈដែលប្រទេសនេះប្រឈមមុខយ៉ាងខ្លាំងនឹងបញ្ហាសន្តិសុខក្នុងតំបន់ពីប្រទេសចិន និងកូរ៉េខាងជើងដែលមិនអាចទាយទុកជាមុនបាន។

ដើម្បីផ្តល់មូលនិធិដល់ការចំណាយលើវិស័យការពារជាតិ សម្រាប់សម្ភារៈយោធា នាវាចម្បាំង និងនាវាផ្សេងទៀត រដ្ឋាភិបាលបានសម្រេចចិត្ត ប្រើប្រាស់មូលបត្របំណុលសំណង់ ដែលមានតម្លៃ ៤៣៤.៣ ពាន់លានយ៉េន ដែលត្រូវចេញក្នុងឆ្នាំសារពើពន្ធឆ្នាំ ២០២៣ ក្នុងការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមកនេះ។ ថវិកានេះបានទទួលការជំរុញពីផែនការដ៏ចម្រូងចម្រាសរបស់លោក Kishida ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិរបស់ប្រទេសជប៉ុនទ្វេដងដល់ ២% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២៧ ដែលធ្វើឱ្យហិរញ្ញវត្ថុជប៉ុននៅក្រោមទម្ងន់នៃបំណុលសាធារណៈ ២.៥ ដង នៃទំហំសេដ្ឋកិច្ចរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖៖ Channel News Asia
- Share This Post:






